ខេត្តកណ្តាល ៖ ក្មេងប្រុសម្នាក់បានសុំលុយម្តាយរបស់ខ្លួន ប្រាប់ថា យកទៅទិញនំហូប លុះបានលុយក៏ដើរចេញបាត់ពីផ្ទះ ទៅចុះទៅងូតទឹកទន្លេលេងជាមួយក្មេងៗ៣នាក់ទៀត ស្រាប់តែពេលកំពុងលេងទឹកសប្បាយ ក្មេងប្រុសរងគ្រោះបានរសាត់តាមទឹកទៅកន្លែងជ្រៅ រួចក៏លិចបាត់ខ្លួន ដោយពេលនោះមានអ្នកភូមិប្រទះឃើញដែរ តែជួយសង្គ្រោះមិនទាន់ពេលវេលា។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចកំពង់ទឹកមាត់ទន្លេ ស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម។

មន្ត្រីនគរបាលផ្នែកកោសល្យវិច័យ និងបច្ចេកទេសស្រុកល្វាឯម បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះផល បញ្ញារិទ្ធ អាយុ៨ឆ្នាំ មុខរបរសិស្ស សព្វថ្ងៃរស់ក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើបានសុំលុយពីម្តាយរបស់ខ្លួន ឈ្មោះខូវ សុខន ចំនួន១០០០រៀល ទៅទិញនំហូប។ បន្ទាប់ពីបានលុយហើយ ក្មេងប្រុសរងគ្រោះក៏បានដើរចេញពីផ្ទះទៅបាត់ ដោយម្តាយក្មេងរងគ្រោះ មិនដឹងថាកូនទៅទីណាទេ។

បន្ទាប់មក មានប្រជាពលរដ្ឋឈ្មោះលន់ លន បានយកសំរាមទៅចាក់ចោលនៅមាត់ទន្លេ ក៏ប្រទះឃើញខោអាវក្មេងប្រុសរងគ្រោះនៅមាត់ច្រាំង ហើយឃើញក្មេងៗលេងនៅទីនោះ ៣នាក់ និងឃើញក្មេងប្រុសរងគ្រោះរសាត់ចេញពីច្រាំងឆ្ងាយទៅហើយ រកជួយមិនកើត ក៏លិចបាត់តែម្តង ទើបឈ្មោះ លន់ លន បានរត់ទៅប្រាប់ឈ្មោះលន់ ចន្ធូ ឱ្យមកប្រាប់ម្តាយក្មេងប្រុសរងគ្រោះ ។

ពេលនោះ ឈ្មោះវណ្ណា ទី ត្រូវជាបងប្អូនជីដូនមួយរស់ក្មេងប្រុសរងគ្រោះ បានមករត់ទៅប្រាប់ម្តាយថា បញ្ញារិទ្ធ (ក្មេងប្រុសរងគ្រោះ) លង់ទឹក ទើបធ្វើឱ្យផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាងបាននាំគ្នាជួយមុជទឹករាវរក តែជាអកុសល ក្មេងប្រុសរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍សារិកាកែវ សហការជាមួយកម្លាំងជំនាញស្រុក បានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សពក្មេងប្រុសរងគ្រោះ ឱ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕