Monday, August 25, 2025
Homeព័ត៌មានជាតិវត្ថុបុរាណទាំងនេះមានអាយុកាលប្រមាណ៦០០ឆ្នាំ ត្រូវជនជាតិវៀតណាម បន្លំខ្លួន...

វត្ថុបុរាណទាំងនេះមានអាយុកាលប្រមាណ៦០០ឆ្នាំ ត្រូវជនជាតិវៀតណាម បន្លំខ្លួន…

ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិវៀតណាមម្នាក់បានបន្លំខ្លួនធ្វើជាអ្នកនេសាទសមុទ្រ លួចរាវរកវត្ថុបុរាណនៅក្នុងបាតសមុទ្រខ្មែរ អស់រយៈពេល៣ខែមកហើយ ដោយរាវរកបានក្រឡបុរាណជាច្រើន ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនជាតិវៀតណាម ដែលបន្លំខ្លួនធ្វើជាអ្នកនេសាទចូលមកលួចរាវរកវត្ថុបុរាណក្នុងបាតសមុទ្រខ្មែរ ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទៃសមុទ្រចម្ងាយ២០០ម៉ែត្រ ពីកោះឫស្សី ដែលមានចម្ងាយពីមូលដ្ឋានរាម ប្រមាណពី៧ទៅ៨គីឡូម៉ែត្រ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មានលំនៅក្នុងចំណុចផែរ៉ូយ៉ាល់ ក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលសម្របសម្រួលនីតិវិធីដោយលោកហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីវប្បធម៌និងវិចិត្រសីល្បៈខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលលាក់ទុកក្រឡចាស់ៗ ចំនួន២៨១ក្រឡ ដែលជឿជាក់ថា ជាវត្ថុបុរាណរបស់ខ្មែរ នៅក្នុងផ្ទះរបស់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជនជាតិវៀតណាមខាងលើ បានឆ្លើយសារភាពថា តាមពិត រូបគេមិនមែនជាអ្នកនេសាទទេ តែគេបានជួលអ្នកនេសាទមុជរាវរកក្រឡក្នុងបាតសមុទ្រនេះ ៣ខែមកហើយ ដែលក្នុង១ថ្ងៃ រាវរកបានជាង១០ក្រឡ ស្ថិតនៅចំណុចដែលមានក្រឡនៅបាតសមុទ្រនេះ គឺមានចម្ងាយ២០០ម៉ែត្រ ពីកោះឫស្សី និងមានជម្រៅ ៧ម៉ែត្រ។

ខណៈដែលចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានដកហូតក្រឡទាំងតូចទាំងធំ សរុបចំនួន២៨១ក្រឡផងដែរ។ ជនដែលត្រូវឃាត់ខ្លួននេះ និងវត្ថុតាង កំពុងរក្សាទុកនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត ។

លោកប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា វត្ថុតាងក្រឡតូចធំ ទាំង២៨១ គឺជាវត្ថុបុរាណដែលមនុស្សជំនាន់មុនដ៏យូរលង់ ធ្វើអំពីដីដុតនៅក្នុងចន្លោះសតវត្សទី១៥-១៧ មានអាយុកាលប្រមាណ៦០០ឆ្នាំ ដែលពេលនោះ ប្រទេសនីមួយៗតែងចងសម្ព័ន្ធមេត្រីភាព អាចជូនវត្ថុទាំងនេះជាសួយសារអាករ ឬជូនជាវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា នេះអាចចាត់ទុកជាលើកដំបូងហើយដែលមានការប្រទះឃើញវត្ថុបុរាណនៅបាតសមុទ្រកម្ពុជា ដែលអាចបណ្តាលមកពីលិចសំពៅ ឬទូក ក្នុងឧបទ្ទវហេតុណាមួយ៕

RELATED ARTICLES