ខេត្តព្រះសីហនុ ៖ ជនជាតិចិន ប្រុសស្រី ចំនួន៣៨១នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការឆ្មក់ចូលឆែកឆេរនៅក្នុងភោជនីយដ្ឋាន ខារ៉ាអូខេ យីហោ ស៊ីនខាយមែន ជាកម្មសិទ្ធិរបស់ជនជាតិចិន។

សកម្មភាពឆ្មក់ត្រួតពិនិត្យភោជនីយដ្ឋាននេះ បានធ្វើឡើងនៅវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា ភោជនីយដ្ឋាន ស៊ីនខាយមែន ជាកម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន។

ប្រភពដដែល បន្តថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៣៨១នាក់។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរនៅបន្ទប់ជាន់ទី១ និងជាន់ទី២ មានបន្ទប់ចំនួន២២បន្ទប់ និងឃាត់ខ្លួនមនុស្ស ២៤៥នាក់ (ប្រុស១៥៧នាក់ និងស្រី៨៨នាក់) ខ្មែរប្រុសស្រី២នាក់។

ជាលទ្ធផល រកឃើញកាំភ្លើងខ្លី ចំនួន២ដើម គឺ ១-ម៉ាកសាសតាវ៉ា គ្រាប់ចំនួន៨គ្រាប់ និង២- ម៉ាកសូរ៉ាគី មានគ្រាប់ចំនួន៦គ្រាប់។
ដោយឡែកក្លឹបកម្សាន្តនៅបន្ទប់ជាន់ទី៣ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១២១នាក់ (ប្រុស ៨២នាក់ ស្រី ៣៩នាក់)។ ចំណែកបន្ទប់ស្នាក់នៅជាន់ទី៤ ឃាត់ខ្លួនមនុស្សចំនួន១៥នាក់ (ប្រុស១០ ស្រី៥) សរុបឃាត់ខ្លួនមនុស្សចំនួន៣៨១នាក់ និងដកហូតគ្រឿងញៀនមួយចំនួនធំ (មិនទាន់ថ្លឹង)។

ជនជាតិចិនទាំងនោះ ត្រូវបានបញ្ជូនយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្ត តាមនីតិវិធី៕