ស្រីស្រស់មានមន្ដស្នេហ៍ កញ្ញាហេង ចន្ថា បានភ្ជាប់ពាក្យជិត៥ខែហើយ តែរហូតមកដល់ពេលនេះនាងនៅតែមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ទេ ដោយលេចឮថា ស្រីស្អាតរូបនេះស្ទាក់ស្ទើរក្នុងចិត្ត ព្រោះខ្លាចរៀបការទៅ លែងសូវត្រូវប៉ាន់។
យ៉ាងណា ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ កញ្ញាហេង ចន្ថា បានឲ្យដឹងថា មូលហេតុដែលនាងពន្យារពេលគ្រងឈុតកូនក្រមុំ មិនហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់នោះ បណ្ដាលមកពីរឿងតែម្យាងគត់នោះ គឺស្ថានភាពកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ។
ចន្ថា បន្តថា ក្នុងពេលដែលកូវីដ មិនទាន់រលត់បែបនេះ ធ្វើឲ្យនាងពិបាកក្នុងការសម្រេចចិត្តថា តើគួរការនៅពេលណា ព្រោះខ្លាចរៀបការទៅរៀបចំទាំងមិនសូវសប្បាយ។
ទោះជាយ៉ាងណា នាងថា ចាស់ទុំទាំងសងខាងពិតជាជំរុញឲ្យនាងនិងគូដណ្ដឹង រៀបការឲ្យបានឆាប់ៗមែន ព្រោះពួកគាត់មិនចង់ឲ្យពន្យារពេលទុកយូរតទៅទៀតទេ។
ហេង ចន្ថា បានភ្ជាប់ពាក្យកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ជាមួយអតីតតារាបង្ហាញម៉ូដម្នាក់ដែលជារៀមច្បងរបស់នាង។
ស្រីស្រស់រូបនេះថា ឆ្នាំនេះនាងអាយុ២៧ឆ្នាំហើយ ចំណែកគូដណ្ដឹងរបស់នាងអាយុបងនាងតិចតួចប៉ុណ្ណោះ។ នាងថា គូដណ្ដឹងរបស់នាងមិនប្រឡូកសិល្បៈទៀតទេ ព្រោះជាប់ធ្វើការផ្សេង ហើយការពន្យារពេលរៀបការរបស់នាងពេលនេះ មិនធ្វើឲ្យនាងមានការបារម្ភច្រើនឡើយ។
គេកត់សម្គាល់ថា ការសម្រេចចិត្តភ្ជាប់ពាក្យរបស់ស្រីស្អាតហេង ចន្ថា គឺចំពេលដែលមានដំណឹងល្បីខ្ចរខ្ចាយពេញសង្គមសិល្បៈថា នាងមានស្នេហាជាមួយតារាកំប្លែងពូកែវោហាស័ព្ទ លោកចែម ចាន់តារា ហៅនាយពែកមី ព្រោះតែអ្នកកំប្លែងរូបនេះបានបង្ហាញកាយវិការស្និទ្ធស្នាល និងយកចិត្តទុកដាក់លើស្រីស្រស់រូបនេះ ខុសធម្មតា និងលើកឲ្យធ្វើតួឯកជាបន្ដបន្ទាប់ទៀតផង។
ដើម្បីជម្រះមន្ទិលសង្ស័យនេះ ចន្ថា បានភ្ជាប់ពាក្យជាមួយប្រុសរូបសង្ហាចោលនាយពែកមី ហើយពេលនេះគេមិនសូវឃើញនាយបានស្អិតល្មួតជាមួយតារារូបស្រស់រូបនេះ ដូចមុនទៀតឡើយ៕