Monday, August 25, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន និងភរិយា ធ្វើបុណ្យឆ្លងវិមានគុណមាតាបិតា

សម្តេចហ៊ុន សែន និងភរិយា ធ្វើបុណ្យឆ្លងវិមានគុណមាតាបិតា

ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលប្រារឰធ្វើនៅភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។

វិមានគុណមាតាបិតា ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និង អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មានទីតាំងស្ថិតនៅបរិវេណទីបញ្ចុះសព ស្ថិតនៅភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវ នឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ នៅក្នុងភូមិគ្រឹះសម្តេចហ៊ុន សែន លេខ៤១ មហាវិថីសម្តេចសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានធ្វើពិធីដង្ហែទៅបញ្ចុះតាមគន្លងប្រពៃណីសាសនានៅទីបញ្ចុះសព ជាមួយមហាឧបាសក លីន គ្រី ជាស្វាមី ស្ថិតនៅភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួចរាល់ កាលពីរសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០៕

RELATED ARTICLES