Sunday, August 24, 2025
Homeព័ត៌មានជាតិមិនប្រុងប្រយ័ត្នសោះ... ភ្លេចខ្លួនតែបន្តិច កើតរឿងនេះលើកូន

មិនប្រុងប្រយ័ត្នសោះ… ភ្លេចខ្លួនតែបន្តិច កើតរឿងនេះលើកូន

ខេត្តមណ្ឌលគិរី ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ដោយសារមូលហេតុដួលប៊ីដុងសាំងហៀរសាំងទៅក្បែរចង្ក្រាន ធ្វើឱ្យមានការឆាបឆេះ ក្លាយជាអណ្តាតភ្លើងឆេះបំផ្លាញផ្ទះ១ខ្នងទាំងស្រុង និងធ្វើឱ្យកូនប្រុសម្នាក់របស់ម្ចាស់ផ្ទះរងរបួសយ៉ាងដំណំ។

ករណីអគ្គិភ័យខាងលើ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅចំណុចប៉ារ៉ាស់សាំម៉ាឡា ស្ថិតនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសីជាកម្មសិទ្ធិរបស់ឈ្មោះកៀវ ចាត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងប្រពន្ធឈ្មោះដួន អុច អាយុ៤៧ឆ្នាំ ជនជាតិព្នង មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកកូនប្រុសដែលទទួលរងរបួសក្នុងហេតុការណ៍អគ្គិភ័យខាងលើ មានឈ្មោះចាត នឿ ភេទប្រុស អាយុ១៨ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ ប៊ីដុងសាំងនៅក្នុងផ្ទះខាងលើ បានដួលធ្វើឱ្យកំពប់សាំងហៀរទៅក្បែរចង្ក្រានបាយ ខណៈដែលម្ចាស់ផ្ទះកំពុងដាំស្ល និងមិនបានចាប់អារម្មណ៍ដឹងថា សាំងកំពប់ ទើបធ្វើឱ្យភ្លើងចង្ក្រានបានឆាបឆេះសាំង ធ្វើឱ្យរាលដល់ផ្ទះទាំងមូលត្រូវអណ្តាតភ្លើងលេបត្របាក់អស់គ្មានសល់ និងថែមទាំងបង្កឱ្យកូនប្រុសម្ចាស់ផ្ទះម្នាក់ បានទទួលរងរបួសឆេះរលាកខ្លួនប្រាណ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងរាយការណ៍សុំជំនួយពីរថយន្តពន្លត់អគ្គិភ័យភ្លាមៗផងដែរ ដោយក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកពេជ្រដា ១គ្រឿង បានចេញទៅបាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ ចំនួន១រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។

តាមការអះអាងរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ ក្រៅពីបង្កឱ្យកូនប្រុសរបស់គាត់ទទួលរងរបួសហើយ នៅបានបង្កឱ្យរងការខូចខាតផ្ទះ ១ខ្នងទាំងស្រុង ម៉ាស៊ីនត្រង់ស៊ីន័រ២គ្រឿង ទូទឹកកក១គ្រឿង អង្ករ១បាវ ខោអាវ ភួយ មុងកន្ទេល ខ្នើយ ព្រមទាំងសម្ភារ:ប្រើប្រាស់ជាច្រើនទៀត៕

RELATED ARTICLES