ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ត្រូវឆ្កែខាំ២០ថ្ងៃមកហើយ ត្រូវបានក្រុមគ្រួសារយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ តែគ្រូពេទ្យពិនិត្យឃើញថា មានរោគសញ្ញាជំងឺឆ្កែឆ្កួតកម្រិតធ្ងន់ ទើបប្រធានមន្ទីរសុខាភិបាលខេត្ត សម្រេចបញ្ជូនបន្តទៅមន្ទីរខេត្តបាត់ដំបង ចំណែកសមាជិកគ្រួសារ៦នាក់ទៀត ក៏ត្រូវនាំទៅចាក់ថ្នាំការពារផងដែរ ។
ក្មេងប្រុសដែលត្រូវឆ្កែខាំនោះ ឈ្មោះ គួយ រក្ស អាយុ ៩ឆ្នាំ រស់នៅជាមួយឪពុកម្តាយ នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

តាមប្រភពមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ថា លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ ដោយពិនិត្យឃើញស្ថានភាពជំងឺកុមារខាងលើបែបនេះ ក៏រាយការណ៍បន្ទាន់ទៅកាន់មន្ទីរ (RRT) និងប្រធានមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពជា-ជប៉ុន មង្គលបុរី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ឲ្យចុះមកពិនិត្យស្ថានភាពជំងឺ និងសួរសុខទុក្ខ ក្មេងប្រុសខាងលើ ដែលត្រូវបានឆ្កែខាំ រយៈពេលប្រហែល ២០ថ្ងៃមកហើយ។ ដោយជំងឺកាន់តែធ្ងន់ ទើបត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី។

ប្រភពដដែល បន្តថា នៅពេលនេះ គ្រូពេទ្យពិនិត្យនិងព្យាបាល បានឲ្យដឹងថា គ្រូពេទ្យបានពិនិត្យឃើញមនុស្សទាំងអស់ក្នុងគ្រួសារខាងលើ មានរោគសញ្ញាជំងឺឆ្កែឆ្កួត ពិសេសក្មួយប្រុស គួយ រក្ស មានអាការធ្ងន់ជាងគេ។
សូមបញ្ជាក់ថា កុមារ គួយ រក្ស មានឪពុកឈ្មោះ ម៉ៅ ខេមរា និងម្តាយឈ្មោះ សុខ សាវន្ត ។ ក្រុមគ្រួសារនោះ មានសមាជិកចំនួន ៦នាក់ទៀត ដែលប៉ះពាល់ជាមួយករណីជំងឺឆ្កែឆ្កួត តែមិនទាន់មានរោគសញ្ញាទេ ក៏ត្រូវស្នើឲ្យទៅពិនិត្យនៅមន្ទីរពេទ្យដែរ ។

ប្រភពដដែល បន្តទៀតថា ដោយបានការយកចិត្តទុកដាក់ និងទទួលបានអនុសាសន៍ពីសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការសម្របសម្រួលការងារពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមានការជួយសម្របសម្រួលពីប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ផងនោះ មន្ទីរពេទ្យមិត្តភាពស្រុកមង្គលបុរី សម្រេចបញ្ជូនក្មេងប្រុសរងគ្រោះ ទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ ចំណែកអ្នកពាក់ព័ន្ធ ៦នាក់ផ្សេងទៀត ដែលជាសមាជិកក្នុងគ្រួសារ ត្រូវបញ្ជូនទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅវិទ្យាស្ថានប៉ាស្ទ័រ សាខាខេត្តបាត់ដំបង ផងដែរ ។

ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តសូមអំពាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វឆ្កែឆ្មា ចិញ្ចឹមសូមមេត្តាយកទៅចាក់វ៉ាក់សាំងសត្វជាចាំបាច់ និងត្រូវចងខ្សែសត្វចិញ្ចឹម ឲ្យបានត្រឹមត្រូវ ។ ដោយឡែកប្រសិនបើមានឆ្កែ ឆ្មាខាំ ត្រូវមកទទួលការពិគ្រោះ ឬ ចាក់វ៉ាក់សាំងការពារឲ្យបានទាន់ពេលវេលាតាមការណែនាំរបស់គ្រូពេទ្យនិងមិនត្រូវទទួលទានសាច់ឆ្កែ ឆ្មា នោះទេ ៕