ខេត្តព្រះសីហនុ ៖ បុរសម្នាក់មានវិបត្តិផ្លូវចិត្តរឿងក្រុមគ្រួសារ អត់មានលុយបង់ធនាគារ ហើយថៅកែមិនព្រមបើកលុយឱ្យទៀត ក៏រត់ឡើងលើអគារជាន់ទី១ ប៉ុនប៉ងចងកលោតសម្លាប់ខ្លួន។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចអគារអតីតខារ៉ាអូខេ អិលវី (LV) កែងតុលាការចាស់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បុរសដែលប៉ុនប៉ងធ្វើអត្តឃាតចងកលោតសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះលី ហាយឡាំង អាយុ៣៦ឆ្នាំ ជាជនជាតិចិន ធ្វើការនិងស្នាក់នៅក្នុងក្រុងព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទទួលសេចក្តីរាយការណ៍មកថា មានករណីបុរសម្នាក់ប៉ុនប៉ងចងកនិងលោតសម្លាប់ខ្លួន ពីលើអគារជាន់ទី១ ត្រង់ចំណុចភូមិ-សង្កាត់ខាងលើ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍និងទាក់ទងសុំអន្តរាគមន៍ពីក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដែលប្រចាំការនៅសាលាហ្វឹកហ្វឹនសង្គ្រោះមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុ ដើម្បីចេញប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ ដោយមិនបណ្តាលឱ្យបុរសខាងលើ មានគ្រោះថ្នាក់អ្វីប៉ះពាល់ដល់អាយុជីវិតឡើយ។

ក្រោយពីធ្វើការសាកសួរ បុរសជាជនជាតិចិន ដែលប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងរូបនោះ បានបញ្ជាក់ប្រាប់យ៉ាងខ្លីថា មូលហេតុដែលរូបគេប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ គឺដោយសារតែរូបគេមានវិបត្តិផ្លូវចិត្ត រឿងថៅកែមិនបើលុយឱ្យ ណាមួយគ្រួសាខ្វះលុយបង់ធនាគារនៅប្រទេសចិន ទៀត ទើបធ្វើឱ្យរូបគេរកដំណោះស្រាយមិនឃើញ ក៏គិតខ្លីចង់ធ្វើអត្តឃាតបែបនេះតែម្តង។

បន្ទាប់មកសមត្ថកិច្ចអធិការនគរបាលក្រុងព្រះសីហនុ បានធ្វើការណែនាំ អប់រំផ្លូវចិត្តដល់បុរសខាងលើរួច ក៏អនុញ្ញាតឱ្យវិលត្រឡប់ទៅកន្លែងស្នាក់នៅវិញទៅ៕