ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់បានដើរចេញពីផ្ទះទាំងព្រឹក ដោយប្រាប់ក្រុមគ្រួសារថា ទៅលើកមងនៅបឹង លុះបាត់យូរពេកមិនឃើញមកផ្ទះ ទើបក្រុមគ្រួសារបាននាំគ្នាតាមទៅរកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។
ករណីលង់ទឹកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចបឹងរូង នៅខាងកើតផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ៧០ម៉ែត្រ ស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ។

ជនរងគ្រោះដែលលង់ទឹកស្លាប់ខាងលើ មានឈ្មោះសួន វឿន ភេទប្រុស អាយុ៦៦ឆ្នាំ មានតួនាទីជាអនុប្រធានភូមិសំសាន្ត រស់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ដោយសារតែជីវភាពទីទ័លក្រពេក ទើបជនរងគ្រោះតែងចេញទៅរាយមងរកត្រីដើម្បីលក់ គ្រាន់បានប្រាក់ដោះស្រាយជីវភាព។ មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ ទៅមើលមងនៅចំណុចខាងលើ រួចក៏បាត់រហូតមិនឃើញមកផ្ទះវិញសោះ លុះក្រុមគ្រួសារបាត់ជនរងគ្រោះយូរ ក៏ទៅតាមរកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ។

ប្រភពដដែល បន្តថា ឃើញបែបនេះ ដោយសារតែពួកគាត់ជាក្រុមគ្រួសារមិនអស់ចិត្ត ក៏ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ដើម្បីសង្គ្រោះជីវិត ក្រែងនៅមានសង្ឃឹម តែពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅ ហើយ ទើបក្រុមគ្រួសារបាននាំគ្នាដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕