ភ្នំពេញ ៖ បុរសម្នាក់កើតមានអាការមិនសូវស្រួលខ្លួន ក៏ចូលទៅរកសេវាម៉ាស្សានៅហាងមួយកន្លែង លុះទៅដល់ បែរជាត្រូវដងត្រូវផ្លែជាមួយនារីម៉ាស្សា ថែមលុយរួមរ័ក លុះចប់ប្រតិបត្តិការលើកខោស្លៀកចាកចេញពីហាងម៉ាស្សា មកដល់ផ្ទះ ទើបដឹងថា បាត់លុយ១០០ដុល្លារ លុះត្រឡប់ទៅសួរនាំ ត្រូវខាងស្រីប្រកែក អត់ទទួលខុសត្រូវ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍នាំទៅសួរនាំនៅប៉ុស្តិ៍ តែស្រីនៅតែប្រកែកទៀត ទើបភាគីប្រុសបានដឹកដៃភាគីស្រីចេញមកអុជធូបស្បថនៅរានទេវតាមុខប៉ុស្តិ៍ប៉ូលិស។
ករណីនារីម៉ាស្សាស្រួលលួចលុយភ្ញៀវខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងកោសជប់ម៉ាស្សា យីហោ១៩៩ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ច្រកចូលសាលាសុវណ្ណភូមិ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះរិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត នៅជិតរង្វង់មូលចោមចៅ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់មិនសូវស្រួលខ្លួន ដោយមកកោសជប់នៅហាងម៉ាស្សាខាងលើ បន្ទាប់មកបានហៅនារីម្នាក់ ដើម្បីកោសខ្យល់ តែមុននឹងកោសខ្យល់ នារីម៉ាស្សាបានឱ្យគាត់ដោះសម្លៀកបំពាក់ព្យួរជិតកន្លែងម៉ាស្សា ហើយឱ្យគាត់ជាជនរងគ្រោះស្លៀកកន្សែង។
ខណៈពេលភ្លាមៗនោះ គាត់បាននិយាយជាមួយនារីម៉ាស្សាខាងលើ ដោយត្រូវគ្នារួមភេទ បន្ថែមទៀត អស់តម្លៃ១០ដុល្លារ លុះក្រោយពីចប់ប្រតិបត្តការ ពេលគាត់ចូលទៅបន្ទប់ទឹកមួយភ្លែត ដោយមិនចាប់អារម្មណ៍ ណាមួយទុកចិត្តទៅលើនារីម៉ាស្សាខាងលើនេះផង ទើបមិនបានយកខោទៅជាមួយទេ លុះចេញមកវិញ ស្លៀកពាក់ខោអាវរួច ក៏ជិះម៉ូតូត្រឡប់ទៅវិញ។ លុះត្រឡប់ទៅដល់ការ៉ាស់រថយន្ត គាត់បានឆែកកាបូបលុយ ឃើញមានលុយដុល្លារក្លែងក្លាយចំនួន១០០ដុល្លារ ។

ប្រភពដដែល បន្តថា ភ្លាមៗនោះ គាត់បានប្រញាប់ប្រញាល់មកកន្លែងកើតហេតុ ហើយក៏ស្រាប់តែថៅកែហាងម៉ាស្សានិងនារីម៉ាស្សាខាងលើ មិនទទួលខុសត្រូវ ដោយថា ចេញពីកន្លែងកើតហេតុយូរហើយ តែតាមពិតគាត់ចេញទៅមិនយូរទេ គ្រាន់តែទៅមួយភ្លែត ហើយប្រញាប់ប្រញាល់មកវិញភ្លាមៗ។
ខណៈពេលនោះ ថៅកែហាងម៉ាស្សាបានហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ បានមកដល់ បានសាកសួរតិចតួច ហើយត្រឡប់ទៅវិញបាត់ទៅ។ លុះអ្នកសារព័ត៌មានមកថតពេញមុខហាង ទើបលោកនាយប៉ុស្តិ៍ មកម្តងទៀត នាំនារីម៉ាស្សាដែលជាជនសង្ស័យយកទៅប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ។

បន្ទាប់ពីនាំនារីម៉ាស្សា យកទៅសាកសួរ នារីសង្ស័យខាងលើមិនសារភាពឡើយ រហូតដល់ជនរងគ្រោះទ្រាំមិនបាន ក៏អូសដៃនារីម៉ាស្សាចេញមកអុជធូបស្បថស្បែនៅចំពោះមុខរានទេវតាខាងមុខប៉ុស្តិ៍នគរបាលទៀតផង។ បន្ទាប់មក សមត្ថកិច្ចបម្រុងបញ្ជូននារីសង្ស័យ ទៅផ្នែកជំនាញ តែត្រូវភាគីថៅកែហាងម៉ាស្សាខាងលើ សុំសងលុយជំនួស ដើម្បីបញ្ចប់រឿង៕