ការបាត់មុខ១១ឆ្នាំ ទើបវិលមករកការស្ដារមុខមាត់នាពេលនេះ ហាក់យឺតពេលបន្ដិចទៅហើយ សម្រាប់តារាកូន២ អ្នកនាងសឿ សុធារ៉ា។

ទោះជាយ៉ាងណា អ្វីដែលជាចម្ងល់នោះថា ហេតុអ្វីបានជាស្វាមីរបស់នាង លោកសាពូន មីដាដា បានអនុញ្ញាតឲ្យភរិយារបស់លោកវិលមករកអាជីពចាស់នៅពេលនេះទៅវិញ ព្រោះតែកន្លងមក ធ្លាប់លេចឮថា អ្នកទាំង២ មានជីវភាពធូរធារទៅហើយ ក្រោយដើរចេញពីអាជីពសិល្បៈជាង១ទសវត្សន៍នេះ។ ប៉ុន្ដែពេលនេះសុធារ៉ា នៅតែមិនដាច់អាល័យពីការថតសម្ដែងដដែល ហើយបើទោះជាពេលនេះនាងបានត្រឹមតំណែងជាតួម្ដាយក្ដី ក៏នាងមិនរារែកចិន្ដា ដែរ។

តាមព័ត៌មានថា សុធារ៉ា ឆក់បានតំណែងជាតួម្ដាយនេះ នៅភាពយន្ដថ្មីមួយរបស់ទូរទស្សន៍ហង្សមាស ដោយនាងត្រូវចាប់ដៃជាមួយតារាចង្ការព្រែក លោកញ៉ែម សុគន្ធ ហើយរឿងនោះក្រោមការដឹកនាំរបស់អតីតអ្នកកាសែត លោកកៅ សីហា ។

លោកកៅ សីហា បានទទួលស្គាល់ថា សឿ សុធារ៉ា កំពុងថតភាពយន្ដបុរាណ១រឿង ឲ្យលោកមែន ដោយនាងជាដៃគូជាមួយលោកញ៉ែម សុគន្ធ។ ប៉ុន្តែអ្នកដឹកនាំនៅហង្សមាស រូបនេះថា លោកមិនអាចនិយាយច្រើនជាងនេះបានឡើយ។

សឿ សុធារ៉ា បានរៀបការជាមួយតារាចម្រៀងសាពូន មីដាដា កាលពីឆ្នាំ២០០៩ ដោយពេលនេះ ពួកគេមានកូន២នាក់ (ស្រី១) ហើយអំឡុងពេលបាត់ខ្លួន១១ឆ្នាំនេះ សុធារ៉ា ធ្លាប់លេចឮថា មានភាពរកាំរកូសជាមួយប្ដីជាច្រើនលើកច្រើនសាផងដែរ ពិសេសការវិលមករកឆ្នាំងចាស់សាជាថ្មីនេះ ក៏កាន់តែធ្វើឲ្យគេសង្ស័យថា នាងនិងប្ដីមានរឿងជាមួយគ្នាសាជាថ្មី។

ប៉ុន្តែអ្នកស្និទ្ធសុធារ៉ា និងប្ដីនាង បែរជាអះអាងថា ប្ដីប្រពន្ធ១គូនេះ គ្មានរឿងជាមួយគ្នាទៅវិញ។

ដោយឡែក សុធារ៉ា វិញ ទោះជាពេលនេះនាងស្ម័គ្រចិត្តព្រមលេងជាតួម្ដាយ ដែលមើលទៅពិបាកសង្ឃឹមបានល្បីឡើងវិញក្ដី ប៉ុន្ដែនាងនៅតែហ៊ឺហាដោយជិះរថយន្ដ Lexus Lx 570 តម្លៃជិត២០ម៉ឺនដុល្លារ ខណៈដែលប្ដីនាង លោកមីដាដា លែងគិតគូរឿងច្រៀងរាំទៀតហើយ៕
