Sunday, August 24, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ចូល Galaxy ទីផ្សារគ្រូភ្លេងចាប់ផ្តើមឡើងថ្លៃ

ព្រាប សុវត្ថិ ចូល Galaxy ទីផ្សារគ្រូភ្លេងចាប់ផ្តើមឡើងថ្លៃ

កាលពីឆ្នាំមុន អ្នកធ្វើភ្លេង (Composer) ទាំងឡាយ មិនសូវត្រូវបានគេនឹកនាឡើយ ពោលគឺតារាចម្រៀងគិតតែពីល្បី តែអ្នកធ្វើភ្លេងឲ្យច្រៀង គេមិនសូវស្គាល់។ ប៉ុន្ដែតាំងពីការដើរចេញពីផលិតកម្មរស្មីហង្សមាស របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ទៅចូលផលិតកម្ម Galaxy កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នោះមក ទីផ្សារអ្នកធ្វើភ្លេងឲ្យតារាចម្រៀងចាប់ផ្ដើមកក្រើកមិនធ្លាប់មាននៅកម្ពុជា ហើយផលិតកម្មធំៗប្រទាញប្រទង់ដណ្ដើមគ្នាចង់បាន។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នកធ្វើភ្លេងត្រូវបានគេទិញក្នុងតម្លៃថ្លៃ ចូលផលិតកម្មរហូតដល់រាប់សែនដុល្លារ និងទទួលបានកាដូលលើកទឹកចិត្តនូវផ្ទះល្វែង និងរថយន្ដទំនើបៗ ជាដើម។

ជាក់ស្ដែង ដូចជាថ្មីៗនេះ ផលិតកម្ម Galaxy បានទាញអ្នកធ្វើភ្លេងរបស់ថោន លោក Tempo Tris ដោយជូនកាដូផ្ទះ១ល្វែង និងលោកសាក់ ធារិទ្ធ ដែលទើបធ្វើភ្លេងបាន៣ទៅ៤បទ ឲ្យ Galaxy នោះ ក៏បានផ្ទះ១ល្វែងផងដែរ។

ដោយឡែក ផលិតកម្មរស្មីហង្សមាស វិញ ក៏មិននៅស្ងៀមដែរ គឺបានទិញ Composer ពី Galaxy លោក Tho Meet ដែលជាអ្នកធ្វើភ្លេងបទ ”គេនោះជាស្រីកាប់ដាវ” ចូលផលិតកម្មរបស់ខ្លួនដែរ ហើយបើទោះជាមិនឃើញប្រគល់កាដូធំដូចគេក្ដី ប៉ុន្ដែបានប្រកូកប្រកាសឲ្យគេភ្ញាក់ផ្អើលមិនធ្លាប់មានពីមុនឡើយ។

ចំណែកផលិតកម្ម Galaxy នៅពេលដែលត្រូវគូប្រជែងទាញគ្រូភេ្លងរបស់ខ្លួនបានម្នាក់បែបនេះ ក៏មិននៅស្ងៀមដែរ ដោយមានព័ត៌មានថា ផលិតកម្មថ្មីតែមានលុយច្រើននេះបានទាញអ្នកនិពន្ធភ្លេងបទ ”ខែភ្ជុំ ជូនម៉ែ១លាន” លោកឈិត តេងរិទ្ធ ដោយជោគជ័យផងដែរ ហើយតាមព័ត៌មានថា ផលិតកម្មថ្មីតែចិត្តធំនេះ គ្រោងទាញអ្នកនិពន្ធល្បីរបស់ហង្សមាស ម្នាក់ទៅទៀតនោះ គឺលោកមាស សុគន្ធ ហៅគ្រូអ៊ួយ។

តាមរយៈការប្រទាញប្រទង់គ្នារវាងផលិតកម្មរស្មីហង្សមាស និង Galaxy ចង់បានគ្រូភេ្លងជើងខ្លាំងចូលផលិតកម្មខ្លួនបែបនេះ គឺគេកត់សម្គាល់ថា ទើបកើតមានឡើងក្រោយពីព្រាប សុវត្ថិ ដើរចេញពីហង្សមាស ទៅចូល Galaxy ដែលពេលនេះគេអាចមើលឃើញថា ក្រោយពីអស់និស្ស័យជាមួយហង្សមាស រយៈពេល២៣ឆ្នាំ និងទៅចាប់ផ្ដើមសាជាថ្មីនៅ Galaxy ផ្ដើមពីបទទី១ឡើងវិញនោះ ព្រាប សុវត្ថិ មិនត្រឹមតែធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួលនោះទេ ប៉ុន្ដែគ្រូភ្លេងល្បីៗក៏ចាប់ផ្ដើមមានទឹកមាត់លេបផងដែរ តាមរយៈការទទួលបានកាដូផ្ទះ និងរថយន្ដទំនើបៗ ពីថៅកែផលិតកម្មជាបន្ដបន្ទាប់តែម្ដង។

តាមរយៈការប្រទាញប្រទង់គ្នារវាងផលិតកម្មរស្មីហង្សមាស និង Galaxy ចង់បានគ្រូភេ្លងជើងខ្លាំងចូលផលិតកម្មខ្លួនបែបនេះ គឺគេកត់សម្គាល់ថា ទើបកើតមានឡើងក្រោយពីព្រាប សុវត្ថិ ដើរចេញពីហង្សមាស ទៅចូល Galaxy ដែលពេលនេះគេអាចមើលឃើញថា ក្រោយពីអស់និស្ស័យជាមួយហង្សមាស រយៈពេល២៣ឆ្នាំ និងទៅចាប់ផ្ដើមសាជាថ្មីនៅ Galaxy ផ្ដើមពីបទទី១ឡើងវិញនោះ ព្រាប សុវត្ថិ មិនត្រឹមតែធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួលនោះទេ ប៉ុន្ដែគ្រូភ្លេងល្បីៗក៏ចាប់ផ្ដើមមានទឹកមាត់លេបផងដែរ តាមរយៈការទទួលបានកាដូផ្ទះ និងរថយន្ដទំនើបៗ ពីថៅកែផលិតកម្មជាបន្ដបន្ទាប់តែម្ដង។

អ្នកជំនាញសិល្បៈបានលើកឡើងថា បន្ដិចទៀតមិនត្រឹមតែគ្រូភ្លេងនោះទេ តែអ្នកសរសេរប៉ារ៉ូលបទចម្រៀង រួមទាំងអ្នកដឹកនាំសម្ដែង MV ក៏មានតម្លៃខ្លួនឡើងថ្លៃជាងមុនផងដែរ ​ព្រោះថា ពេលនេះហង្សមាស និង Galaxy ចាប់ផ្ដើមមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លាទៅៗហើយ។

ប៉ុន្ដែយ៉ាងណា ចំពោះកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលចេញបទចម្រៀងបុកលើទីផ្សារជាបន្ដបន្ទាប់នោះ គេនៅតែមើលមិនទាន់ឃើញច្បាស់ទេថា តើលោកនៅតែខ្លាំងល្បីដូចមុនទៀតឬយ៉ាងណា ព្រោះតែអ្នកជំនាញសិល្បៈបានលើកឡើងថា ត្រូវការរយៈពេលចាប់ពី៦ខែទៅ១ឆ្នាំ ទើបអាចដឹងច្បាស់ថា ព្រាប សុវត្ថិ នៅតែខ្លាំងឬធ្លាក់កូដ។

ទោះជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើលោកខេមរៈ សិរីមន្ដ នឹងយកតំណែងព្រាប សុវត្ថិ នៅហង្សមាស បានដែរឬអត់?

ក្រៅពីគ្រូភ្លេងដែលបានកាដូផ្ទះល្វែង និងរថយន្ដជាការលើកទឹកចិត្តនោះ ព្រាប សុវត្ថិ មុនដើរចេញពីហង្សមាស ក៏មានដំណឹងថា លោកត្រូវ Galaxy ទិញនូវទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ និងផ្ដល់ប្រាក់ខែ៨០០០ដុល្លារ ក្នុងកុងត្រារយៈពេល៥ឆ្នាំដែរ។

ប៉ុន្ដែលោកឡេង ណាវ៉ាត្រា ជាថៅកែផលិតកម្មបានប្រកែក ដោយអះអាងថា លោកព្រាប សុវត្ថិ ចូលច្រៀងនៅផលិតកម្មលោក ដោយបេះដូង មិនមែនដោយសារទឹកលុយទេ។

ចំណែកអ្នកមេម៉ាយពេជ្រ សោភា ដែលក្រៅពីចេះច្រៀង ក៏អាចធ្វើភ្លេង និងចេះនិពន្ធបទចម្រៀងនោះ ក៏លេចឮថា នាងត្រូវ Galaxy តាមទិញដោយឲ្យតម្លៃខ្លួនរហូតដល់ទៅកន្លះលានដុល្លារផងដែរ ហេតុនេះហើយបានជាគេថា នាងជាមេម៉ាយឡើងថ្លៃ។ ប៉ុន្តែពេលនេះ សោភា នៅមិនទាន់ស្ពាយបង្វេចចេញពីហង្សមាស ឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES