តារាសម្ដែងរូបស្រស់ កញ្ញាស័ត សុខវិច្ឆិកា ហៅម៉ា នីកា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយអ្នកសម្ដែងរូបសង្ហា លោកឡោ វណ្ណារ័ត្ន ហៅចន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដោយមានតារារួមអាជីពជាច្រើនទៅចូលរួមអបអរសាទរ។

លោកវណ្ណារ័ត្ន ហៅចន បានប្រាប់ថា មូលហេតុដែលលោកបានសម្រេចចិត្តជ្រើសរើសអ្នកសិល្បៈដូចគ្នាជាគូ ព្រោះតែគិតថា មានតែចំណងស្នេហ៍ដែលយល់ចិត្តគ្នាច្បាស់បែបនេះទេ ទើបធ្វើឲ្យអាចរក្សាចំណងស្នេហាបានយូរអង្វែង។ លោកថា បើយកគូអ្នកខាងក្រៅសិល្បៈ អាចមិនសូវយល់ចិត្តគ្នាច្បាស់ ដូចអ្នកសិល្បៈដូចគ្នាទេ ហើយការប្រចណ្ឌអី ទាំងខាងស្រី ឬប្រុស ប្រាកដជាមានជាមិនខាន អីចឹងហើយបានជាលោកសម្រេចចិត្តភ្ជាប់ពាក្យជាមួយម៉ា នីកា។

លោកវណ្ណារ័ត្ន បន្តថា បានស្គាល់ម៉ា នីកា រយៈពេលជាង២ឆ្នាំមកហើយ តែការស្រលាញ់គ្នាទើបតែមានរយៈពេលជាង៣ខែប៉ុណ្ណោះ ហើយលោកនិងម៉ា នីកា យល់ចិត្តគ្នាច្បាស់លាស់ ទើបឈានដល់ការភ្ជាប់ពាក្យតែម្ដង។ លោកថា មុនក្លាយជាគូដណ្ដឹងនឹងគ្នានេះ កន្លងមកលោកធ្លាប់សម្ដែងភាពយន្ដជាមួយម៉ា នីកា រឿង ”សព្វសិទ្ធិ” និងរឿង ”ទាសករលុយ“ ហើយក៏មានទំនាក់ទំនងគ្នារហូតមកដល់ការយល់ចិត្តថ្លើមគ្នា និងភ្ជាប់ពាក្យតែម្ដង។

អនាគតស្វាមីរបស់ម៉ា នីកា រូបនេះ បន្ថែមថា ក្រោយក្លាយទៅជាគូដណ្ដឹងគ្នានេះ លោកនិងគូស្នេហ៍នៅតែបន្ដអាជីពសិល្បៈជាធម្មតា ហើយពេលនេះលោកកំពុងថតភាពយន្ដ២រឿង ឲ្យប៉ុស្ដិ៍ Pnn គឺរឿង ”មហិច្ឆតា” និងរឿង ”លះបង់”។

លោកចន បញ្ជាក់ថា ចំពោះរឿងមង្គលការនោះ លោកនិងគូដណ្ដឹងចង់រៀបការនៅដើមឆ្នាំ២០២១ ខាងមុខនេះហើយ ដែលគ្រោងធ្វើនៅភ្នំពេញ អាចរៀបចំពី៨០ទៅ៩០តុ។ ប៉ុន្ដែលោកថា ត្រូវវរង់ចាំអ៊ុតមើល តើកូវីដ-១៩សិន បើនៅតែមិនទាន់ស្ងាត់ទៀត មង្គលការរបស់លោកអាចពន្យារពេលរហូតដល់ឆ្នាំ២០២២ ក៏ថាបានដែរ។

យ៉ាងណា លោកវណ្ណរ័ត្ន ថា ចាស់ទុំទាំងសងខាងចង់ឲ្យលោកនិងម៉ា នីកា រៀបការជាមួយគ្នាតាំងពីថ្ងៃដែលភ្ជាប់ពាក្យម្ល៉េះ៕


