Sunday, August 24, 2025
Homeព័ត៌មានជាតិកម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី ព្រមចូលធ្វើការវិញ

កម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី ព្រមចូលធ្វើការវិញ

ភ្នំពេញ ៖ កម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី ដែលធ្វើកូដកម្មអស់ពេលជាច្រើថ្ងៃមកហើយ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួននោះ បានយល់ព្រមចូលធ្វើការ ដើរប្រមូលសំរាមវិញ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្រោយពួកគេទទួលបានដំណោះស្រាយសមស្រប ពីរដ្ឋបាលរាជធានីភ្នំពេញ។

ដំណោះស្រាយនេះ សម្រេចបានជោគជ័យ ក្រោមការយកចិត្តទុកដាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការណែនាំពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបដោះស្រាយបានបញ្ចប់ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ភាគីពាក់ព័ន្ធទាំងអស់ បានព្រមព្រៀងគ្នាដូចខាងក្រោម ៖

១- ចំពោះសំណើរបស់កម្មករនិយោជិត ទាមទារឲ្យក្រុមហ៊ុនដោះស្រាយ ពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ

២- ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ

៣- សូមឲ្យកម្មករនិយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ តទៅ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នាព្រឹកនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះទៅជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី នៅខណ្ឌដង្កោ ផងដែរ ដើម្បីប្រាប់អំពីដំណោះស្រាយ និងការសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី ប្រហែល៤០០នាក់ បានផ្ទុះកូដកម្មតវ៉ា តាំងពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យក្រុមហ៊ុន ដោះស្រាយលក្ខខណ្ឌការងារ ចំនួន ៥ចំណុច រួមមាន ៖ ១- ប្រាក់បំណាចអតីតភាពការងារ ២- ប្រាក់សំណងជំងឺចិត្ត ៣- ប្រាក់ជួសជុលការជូនដំណឹងមុន ៤- ប្រាក់ខែចុងក្រោយ និង ៥- ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់  ។

ការបន្តធ្វើកូដកម្មរបស់កម្មករប្រមូលសំរាម ដោយមិនចេញប្រមូលសំរាម រហូតមកដល់ពេលនេះ បណ្តាលឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ស្តីពីការធ្វើកូដកម្មរបស់កម្មករប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋាគតិយុត្តជាធរមាន ការទាមទារខាងលើនេះ លុះត្រាតែក្រុមហ៊ុនបានបញ្ចប់ការងាររបស់ពួកគាត់ ប៉ុន្តែជាក់ស្តែង ក្រុមហ៊ុន ពុំបានបញ្ចប់ការងាររបស់ពួកគាត់ទេ ក្រុមហ៊ុនកំពុងតែដំណើរការធម្មតា ដូច្នេះការទាមទាររបស់កម្មករក្រុមហ៊ុនស៊ីនទ្រី នេះ មិនស្របតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តទេ ។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ឱ្យបញ្ឈប់ការធ្វើកូដកម្ម ដោយយកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ជាតាមធម្មតាវិញ យ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ឡើយ ។

ប៉ុន្តែទោះបីជាមានការព្រមានខាងលើនេះក៏ដោយ មកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ កម្មករទាំងនោះ នៅតែបន្តធ្វើកូដកម្ម មិនចូលធ្វើការវិញ ហើយយោងតាមតាមប្រភពព័ត៌មានពីកម្មករក្រុមហ៊ុន ស៊ីនទ្រី ខេមបូឌា ដែលធ្វើកូដកម្មនៅខាងក្រៅរបស់ក្រុមហ៊ុនមួយចំនួន បានប្រាប់ថា មានកម្មករប្រហែល ៤០០នាក់ ក្នុងចំណោមកម្មករសរុប ២០០០នាក់ បានសម្រាកទាំងអស់ មិនមានអ្នកចេញឡានទៅប្រមូលសំរាមទេ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជ្រើសរើសកម្មករថ្មី ជំនួសកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ទាំងនោះ ។

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់ ។ លើសពីនេះ ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការ ដោយប្រើប្រាស់រថយន្តដឹកសំរាម របស់រដ្ឋបាលរាជធានីភ្នំពេញ និងឱ្យអាជ្ញាធរខណ្ឌ ទាំង១៤ បញ្ចេញម៉ូតូកង់បីដឹកសំរាម និងកម្លាំងដើម្បីប្រមូលសំរាម នៅតាមមូលដ្ឋានខណ្ឌរៀងៗខ្លួន ។

ទោះជាយ៉ាងណា បញ្ហាកូដកម្មរបស់កម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានដោះស្រាយបញ្ចប់​ដោយជោគជ័យ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ហើយក្រុមកម្មករទាំងនោះ បានយល់ព្រមចូលធ្វការប្រមូលសំរាមជាធម្មតាវិញ នៅរសៀលថ្ងៃដដែល៕

RELATED ARTICLES