តារាសម្ដែងរូបស្រស់ ហង្ស ស្រីរ័ត្ន បានវាចាថា ទោះជាពេលនេះ កូវីដ-១៩ ហាក់រាងស្ងប់ស្ងាត់ទៅវិញបន្ដិចក្ដី ប៉ុន្ដែនាងនៅតែមិនទាន់ហ៊ានប្រឡូកសិល្បៈពេញទំហឹងដូចមុនឡើយ។

ទោះជាយ៉ាងណា ស្រីរ័ត្ន ថា ក្រោយផ្អាកពីការថតសម្ដែងមួយអន្លើនោះមក ពេលនេះនាងចាប់ផ្ដើមទទួលការងារសិល្បៈវិញជាបណ្ដើរៗហើយ ប៉ុន្ដែមិនទាន់មានគម្រោងថតភាពយន្ដថ្មីៗទេ។ នាងថា កូវីដ-១៩នេះ មិនថាតែតារាទេគឺពលរដ្ឋគ្រប់រូបក៏មានការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនជាប្រចាំដែរ ព្រោះថា ជំងឺនេះវាមិនទាន់បាត់ពីផែនដីឡើយ។

ដោយឡែក នៅចុងឆ្នាំ២០២០នេះដែរ ស្រីស្អាតហង្ស ស្រីរ័ត្ន វាចាថា នាងនឹងត្រៀមបង្ហាញការងារធំមួយ ទាក់ទងសិល្បៈ ហើយសង្ឃឹមថា អ្នករួមអាជីព និងទស្សនិកជន នឹងមានការចាប់អារម្មណ៍ជាមិនខាន។

ទោះជាយ៉ាងណា ស្រីរ័ត្ន បញ្ជាក់ថា មិនទាន់អាចបង្ហើបកិច្ចការដែលបានត្រៀមរួចជាស្រេចនោះ ឲ្យបានដឹងមុនឡើយ ព្រោះនាងចង់ធ្វើឲ្យបងប្អូន Surprise ប៉ុន្ដែការងារថ្មីនោះនឹងចេញជារូបរាងឡើងក្នុងពេលឆាប់ៗនេះហើយ។

ហង្ស ស្រីរ័ត្ន ទើបតែមានអាយុ២១ឆ្នាំ តែនាងបានប្រឡូកអាជីពសិល្បៈ៤ឆ្នាំមកហើយ និងធ្លាប់លេចមុខនៅតាមស្ពតពាណិជ្ជកម្ម និងរឿងភាគមួយចំនួនរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ ក្រៅពីមានទេពកោសល្យសិល្បៈល្អ និងសម្រស់គួរឲ្យទាក់ទាញ តារាវ័យក្មេងរូបនេះចង់បន្ថែមអាជីពសិល្បៈមួយទៀតនោះ គឺការចាប់អាជីពជាពិធីការិនីនៅលើកញ្ចក់ទូរទស្សន៍ ដូចតារាមួយចំនួនទៀត។

ប៉ុន្ដែពេលនេះនាងមិនទាន់មានឱកាសឈរជើងនៅស្ថានីយទូរទស្សន៍ណាឡើយ ព្រោះពេលវេលាមិនទាន់អំណោយផល។ យ៉ាងណា នាងថា មិនបោះបង់ក្ដីប្រាថ្នានោះទេ គឺចង់ឲ្យអាជីពសម្ដែង និងពិធីការិនីដំណើរការព្រមគ្នានៅពេលខាងមុខ។

ចំណែក ទាក់ទងរឿងបេះដូងវិញ ហង្ស ស្រីរ័ត្ន ថា នាងមិនទាន់មានម្ចាស់ចិត្តទេ គឺនៅទំនេរស្អាតតែម្ដង។ កន្លងមក នាងធ្លាប់បង្ហើបថា កុំថាឡើយរឿងម្ចាស់ចិត្ត ទោះជាការងារណាក៏ដោយ គឺអ្វីដែលនាងពេញចិត្ត ទើបនាងធ្វើ អីចឹងហើយរឿងគូជីវិត រឹតតែសំខាន់ថែមទៀត បានន័យថា បើនាងមិនស្រលាញ់ទេ គឺមិនអាចចាប់ដៃគ្នាបានទេ ទោះជាបុរសនោះជាអ្នកមានក៏ដោយ។

នាងបន្ថែមថា គ្រួសាររបស់នាងមិនមែនជាអ្នកមានទេ តែក៏មិនក្រលំបាកខ្លាំងដែរ គឺមួយល្មម អាចរស់នៅចូលគេចុះ ហេតុនេះហើយនាងមិនត្រូវការជំនួយពីបុរសណាម្នាក់ ជាថ្នូរអ្វី១ឡើយ៕