ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ចាប់ខ្លួន ខណៈបក្ខពួកម្នាក់ទៀតរត់រួច បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចយករ៉ឺម៉កម៉ូតូរបស់គណៈកម្មការវត្ត ដែលចតទុកនៅក្រោមសាលាធម្មសភា។ ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង។

បើតាមសមត្ថកិច្ចនគរបាល ឱ្យដឹងថា ជនរងគ្រោះនៅក្នុងអំពើលួចនេះ មានឈ្មោះសូ សុខ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគណៈកម្មការវត្តកេតុបទុម (តាលន់) មានលំនៅចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ចំណែកជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះយី បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន) ទី២-ឈ្មោះមឿន សុខម៉េត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ មានលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។ ដោយឡែក វត្ថុតាងដកហូតបានម៉ូតូ១គ្រឿង ម៉ាក YAMAHA (CIRUS) ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ។

ប្រភពសមត្ថកិច្ចដដែល ឱ្យដឹងដែរថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះត្រូវជាគណៈកម្មការវត្ត បានចតរ៉ឺម៉កម៉ូតូទុកនៅក្រោមសាលាធម្មសភា ដូចរៀងរាល់ថ្ងៃ លុះពេលគាត់ចុះពីលើសាលាមកមើល ស្រាប់តែបាត់រ៉ឺម៉កម៉ូតូតែម្តង។ ភ្លាមៗនោះ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាលន់ ហើយសមត្ថកិច្ចបានកំណត់មុខសញ្ញា និងចុះស្រាវជ្រាវបន្ទាន់ រកឃើញម៉ូតូទុកនៅផ្ទះឈ្មោះហៀប លាងហេង ហៅហើម ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះមឿន សុខម៉េត រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជិះម៉ូតូនេះ មកជាមួយឈ្មោះ យី បារាំង យកមកដោះក្បាំង និងចង្កេះ ហើយអូសរ៉ឺម៉កចេញនៅនឹងផ្ទះនេះប្រាកដមែន ពេលនោះ ឈ្មោះយី បារាំង បានដើរចេញទៅបាត់ ស្រាប់តែប៉ូលិសមកឃាត់រូបគេតែម្តង។
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ឈ្មោះយី បារាំង មកចាត់ការបន្តតាមច្បាប់៕