Saturday, August 23, 2025
Homeព័ត៌មានជាតិបង្ក្រាបសិប្បកម្មផលិតបារី និងនំប៉័ង ដកហូតវត្ថុតាងជិត៥០តោន

បង្ក្រាបសិប្បកម្មផលិតបារី និងនំប៉័ង ដកហូតវត្ថុតាងជិត៥០តោន

ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបសិប្បកម្មផលិតបារី និងសិប្បកម្មផលិតនំប៉័ងប្រេន ចំនួន២កន្លែងផ្សេងគ្នា របស់ជនជាតិចិន សង្ស័យធ្វើអាជីវកម្មផលិតផលិតផលក្លែងក្លាយខុសច្បាប់ ដោយដកហូតវត្ថុតាងសរុបជិត ៥០តោន។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង រយៈពេល២ថ្ងៃជាប់គ្នា គឺកាលពីថ្ងៃទី០៦ និងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលនីតិវិធី ដោយលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចជំនាញដែលចុះបង្ក្រាប បានឱ្យដឹងថា សមត្ថកិច្ចចម្រុះបានចុះទៅឆែកឆេរ ត្រួតពិនិត្យជាក់ស្តែង សិប្បកម្មផលិតនិងចែកចាយបារីមួយកន្លែង សង្ស័យផលិតបារីក្លែងក្លាយខុសច្បាប់ នៅចំណុចផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ទីតាំងសិប្បកម្មនេះ មានម្ចាស់ឈ្មោះ Huang Wenyan ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន និងត្រូវបានសមត្ថកិច្ចត្រួតពិនិត្យរកឃើញវត្ថុតាង ផលិតផលសម្រាប់ផលិតបារី ចំនួន១១ប្រភេទ សរុបចំនួន១០៤៨កេស មានទម្ងន់ប្រហែល២៥តោន និងបានរកឃើញវត្ថុតាង ឧករណ៍សម្រាប់ផលិតបារី រួមមាន ម៉ាស៊ីនបោះពុម្ពពណ៌លើកញ្ចប់បារី ចំនួន២គ្រឿង ម៉ាស៊ីនកាត់ក្រដាសរុំកន្ទុយស្នោ ចំនួន២គ្រឿង ម្សៅទឹកថ្នាំពណ៌ស ចំនួន ២៥កេស ម្សៅទឹកថ្នាំពណ៌ចម្រុះ ចំនួន៨០បាវ ម៉ាស៊ីនកូរទឹកថ្នាំ ១គ្រឿង ម៉ាស៊ីនពន្លាកន្ទុយបារី ១៣គ្រឿង និងទឹកថ្នាំសម្រាប់បោះពុម្ពកញ្ចប់បារី ១៤៤ធុង។

ប្រភពដដែល បន្តថា ដោយឡែក កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះក៏បានចុះទៅឆែកឆេរត្រួតពិនិត្យសិប្បកម្មផលិតនំប៉័ង មួយកន្លែង នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលម្ចាស់ទីតាំង មានម្ចាស់ឈ្មោះ CHEN GANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន។

ជាលទ្ធផល សមត្ថកិច្ចចម្រុះបានពិនិត្យជាក់ស្តែង រកឃើញវត្ថុតាង ឧបករណ៍និងវត្ថុធាតុដើម បម្រើឱ្យការផលិតនំប៉័ង សរុបចំនួន១៦ប្រភេទ ស្មើនឹងទម្ងន់ជាង ២២តោន។

ក្រោយពីត្រួតពិនិត្យ សមត្ថកិច្ចចម្រុះរកឃើញថា សិប្បកម្មផលិតនំប៉័ងប្រេនខាងលើ ធ្វើអាជីវកម្មមិនត្រឹមត្រូវតាមច្បាប់ គឺគ្មានស្លាកយីហោ គ្មានប្រកាសបង្កើតរោងសិប្បម្ម ផលិតផលមិនទាន់យកទៅចុះបញ្ជីវិញ្ញាបនបត្រវិភាគគុណភាពហួសសុពលភាព នៅលើ សំបកវេចខ្ចប់ ក្លែងអាសយដ្ឋាន គ្មានវិញ្ញាបនបត្រចុះបញ្ជីម៉ាកផលិតផល គ្មានវិញ្ញាបនបត្រដំណើរការសិប្បកម្ម។

ការបង្ក្រាបសិប្បកម្មផលិតបារី និងផលិតនំប៉័ងប្រេន ទាំង២ខាងលើ ក្រោយពីសមត្ថកិច្ចចម្រុះ ពិនិត្យរួចហើយ អនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញារង ក៏បានឃាត់ទុកវត្ថុតាងទាំងអស់ជាបណ្តោះអាសន្ន ដើម្បីអនុវត្តតាមវិធានការច្បាប់៕

RELATED ARTICLES