មាស សុខសោភា មានភាគរយខ្ពស់ក្នុងការក្លាយខ្លួនទៅជាតារាចម្រៀងផលិតកម្មហង្សមាស ច្រើនជាងចូល Galaxy បើទោះជាពេលនេះនាងមិនទាន់ប្រាប់ច្បាស់ថា នឹងទៅច្រៀងនៅផលិតកម្មណាក្ដី ប៉ុន្ដែនាងថា យ៉ាងយូរខែ១១ នឹងបានឃើញរូបនាងឈរជើងនៅផលិតកម្មមួយហើយ។

សោភា ប្រាប់ថា ចង់ច្រៀងនៅផលិតកម្មថ្មីមួយដែលគេបើកសិទ្ធិឲ្យនាងអាចធ្វើអ្វីបានគ្រប់យ៉ាង ដូចអំឡុងពេលនាងច្រៀងនៅថោន ដែរ ប៉ុន្ដែនាងគ្មានគម្រោងវិលចូលថោន វិញទេ បើទោះជាមុននេះ លោកករុណា ពេជ្រ បានចេញមកអះអាងថា ទោះជាសោភា មិនមែនជាតារាថោន មែន តែនាងអាចចូលច្រៀងនៅផលិតកម្មនេះ នៅថ្ងៃណាមួយក៏បានដែរក្ដី។

មាស សុខសោភា ថា មុននឹងចេញពីថោន នាងបាននិយាយច្បាស់លាស់អស់ហើយ ជាមួយថ្នាក់ដឹកនាំផលិតកម្មនេះ អីចឹងនាងមិនវិលថយក្រោយនោះទេ តែការរាប់អានគ្នាជាមួយថៅកែប្រុសស្រី គឺនៅដដែល។

អ្នកជំនាញសិល្បៈបានលើកឡើងថា មាស សុខសោភា ទៅដល់ទីណា ក៏នាងនៅតែល្បីដដែលទេ ព្រោះនាងជាអ្នកចម្រៀងដែលមានសមត្ថភាព ហើយសម្រាប់ការច្រៀងបទស្លូវវិញ គិតមកដល់ឆ្នាំ២០២០នេះ មិនទាន់មានតារាណាម្នាក់អាចផ្ដួលនាងបានឡើយ។

ទោះជាយ៉ាងណា បើសិនជាសោភា ក្លាយទៅជាតារាចំណូលថ្មីរបស់ហង្សមាស មែននោះ នាងប្រាកដជាត្រូវថៅកែផលិតកម្មធំនេះ ទាមទារឲ្យចុះកុងត្រាជាមិនខាន ហើយពេលនោះនាងមិនអាចចេញបទចម្រៀងដោយសេរី នៅផលិតកម្មផ្ទាល់ខ្លួន Camtrax បានទៀតឡើយ។

សំណួរដែលមហាជនចង់ដឹងថា តើមាស សុខសោភា នឹងទៅចូលហង្សមាស ដោយបិទផលិតកម្មខ្លួនឯង?

យ៉ាងណា មាស សុខសោភា ថា នាងចង់ឲ្យអ្នកគាំទ្ររបស់នាង Surprise ហេតុនេះហើយនាងមិនអាចប្រាប់ពីផលិតកម្មដែលនាងច្រៀង មុនពេលបទចម្រៀងរបស់នាងចេញនោះឡើយ។ នាងថា ការចេញពីថោន ដែលធ្លាប់ច្រៀងរយៈពេល៩ឆ្នាំនោះ គឺការជាការសម្រេចចិត្តដ៏តានតឹងបំផុត ហើយក្នុងអាជីពចម្រៀងជាង១០ឆ្នាំមកនេះ នាងធ្លាប់ចុះកុងត្រារយៈពេល១ឆ្នាំតែម្ដង គត់អំឡុងពេលច្រៀងឲ្យសាន់ដេ កាលពីឆ្នាំ២០០៨។

ដោយឡែក ទាក់ទងរឿងរៀបការជាមួយអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា វិញ នាងថា មិនទាន់ហ៊ានកំណត់ជាក់លាក់ឡើយ៕