ភ្នំពេញ ៖ បុរសម្នាក់បានប្រើប្រាស់គ្រឿងញៀនជាប្រចាំ រហូតដល់ដាច់យ៉ៃអត់មានលុយទិញថ្នាំញៀនជក់ ក៏បែកគំនិតកោរសក់ស្លៀកស្បង់ បន្លំធ្វើជាព្រះសង្ឃដើរអង្គាសបច្ច័យដើម្បីយកលុយទៅទិញថ្នាំញៀនជក់បន្តទៀត តែត្រូវប្រជាពលរដ្ឋសង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ចចុះចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនជនញៀនថ្នាំ ក្លែងបន្លំជាព្រះសង្ឃខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្សារថ្នល់បត់ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្រេង ទ្រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ កម្លាំងធម្មការនៃសាលាខណ្ឌដង្កោ មានការសង្ស័យលើព្រះសង្ឃមួយអង្គដែលបានដើររៃអង្គាសបច្ច័យនៅត្រង់ចំណុចផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏បានហៅមកធ្វើការសាកសួរ និងឱ្យកម្លាំងប្រឆាំងគ្រឿងញៀនខណ្ឌដង្កោ យកមកធ្វើតេស្តរកសារធាតុ ញៀនក្នុងទឹកនោម ជាលទ្ធផលគឺវិជ្ជមាន (មានសារធាតុញៀន) ហើយដោយមានការសម្របសម្រួលពីលោកម៉ុត តារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានបន្លំខ្លួនធ្វើជាព្រះសង្ឃដើររៃអង្គាសប្រាក់ដើម្បីយកមកទិញថ្នាំញៀនជក់មែន។ មូលហេតុដោយសារតែរូបគេជាមនុស្សប្រើប្រាស់ថ្នាំញៀនជាប្រចាំ និងដាច់លុយទិញថ្នាំញៀនជក់ ទើបបែកគំនិតធ្វើបែបនេះ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕