Saturday, August 23, 2025
Homeតារាខ្មែរម៉ូលីកា សម្រស់ស្អាតប្លែក ជាមួយឈុតបុរាណ

ម៉ូលីកា សម្រស់ស្អាតប្លែក ជាមួយឈុតបុរាណ

ក្រោយសម្រាលកូនបានជាង៣ខែ អតីតារាចម្រៀងម៉ូលីកា បានបង្ហាញស្ទីលថ្មីជាមួយការថតរូបនូវឈុតបុរាណជាច្រើនឈុតតែម្ដង ដែលធ្វើឲ្យសម្រស់របស់នាងរះត្រដែត ក្នុងនោះមានដូចជា ឈុតពណ្ណរាយមរ៍កតអប្សរ ដែលគ្រងលើខ្លួននាងបង្ហាញនូវរស្មីរុងរឿង រួមទាំងប្រដាប់ដោយត្បូងកែវពណ៌បៃតង កាន់តែមានភាពទាក់ទាញថែមទៀត។

នៅមានឈុតជាច្រើនទៀត ដែលម៉ូលីកា ស្លៀកពាក់ស័ក្តិសមជាមួយតួដងខ្លួនរបស់នាង ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងយល់ថា នារីខ្មែរពិតជាមានសម្រស់ស្រស់ស្អាតមែន នៅពេលដែលគ្រងឈុតបុរាណទាំងនោះ។

ម៉ូលីកា បានឲ្យដឹងថា កាលថ្ងៃអាពាហ៍ពិពាហ៍របស់នាងបានប្រើប្រាស់ឈុតប្រពៃណីបុរាណខ្មែរជាច្រើនឈុត ហើយអារម្មណ៍របស់នាង ពិតជាដក់ជាប់ចិត្តនូវឈុតសម្លៀកបំពាក់របស់ខ្មែរ ទើបនាងជ្រើសយកឈុតដែលខ្លួនឯងស្រលាញ់ថតទុកជាឯកសារនៅពេលនេះ។ នាងថា សម្លៀកបំពាក់បុរាណរបស់ខ្មែរ មិនត្រឹមតែបង្កប់នូវអត្ថន័យមិនអាចកាត់ថ្លៃបាននោះទេ ប៉ុន្ដែនៅពេលដែលយើងគ្រងទៅមានអារម្មណ៍ថា ជានារីដ៏ស្រស់ស្អាតម្នាក់ ហើយមានមោទនភាពចំពោះការបានស្លៀកពាក់ឈុតដ៏អស្ចារ្យទាំងនោះ។

ម៉ូលីកា បន្តថា ក្នុងនាមជាកូនខ្មែរ នាងបានស្វែងយល់ច្រើនពីឈុតសម្លៀកបំពាក់ប្រពៃណីបុរាណ ដែលបានបន្សល់ទុកជាមរតកឲ្យកូនខ្មែរ ជាពិសេស ឈុតខ្លះមានមកុដដែលមានក្បាច់រចនាពីប្រាសាទរបស់ខ្មែរយើងទៀតផង។

ទាក់ទងរឿងមុខជំនួញនៅរដូវកូវីដ-១៩នេះដែរ ម៉ូលីកា បានឲ្យដឹងថា ហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក របស់នាងនៅដំណើរការធម្មតាទេ ហើយនៅពេលខាងមុខនេះ នាងគ្រោងទិញផ្ទះថែម១ទៀត ធ្វើជាស្នាក់ការកណ្ដាលផ្ទុកផលិតផលធំនៅទីនោះតែម្ដង។ នាងថា ជីវិតរបស់នាងពេលមានកូន១នេះ ខុសកាលពីនៅលីវ ព្រោះត្រូវប្រឹងរកលុយថែមទៀត ដើម្បីចិញ្ចឹមកូន និងសម្រាប់ផ្គត់ផ្គង់ការរៀនសូត្ររបស់គេ។ ប៉ុន្ដែគម្រោងយកកូនទី២វិញ នាងថា មិនទាន់គិតគូឆាប់ៗនេះទេ។

អតីតតារាចម្រៀង Rock អ្នកនាងម៉ូលីកា បានរៀបការកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០  ជាមួយតារាសម្ដែងលោកហុង មានុន ហៅឆានុន ក្រោយអ្នកទាំង២ បានឆ្លងកាត់ការតស៊ូនិងកម្សត់កម្សជាមួយគ្នា ជាង៣ឆ្នាំ ទើបមានជីវភាពធូរធារដូចពេលនេះ។

ម៉ូលីកា បានសម្រាលកូនស្រីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដោយនាងដាក់ឈ្មោះថា ”នុន ច័ន្ទម៉ូនីតា” ពេលនេះមានអាយុជាង៣ខែហើយ៕

RELATED ARTICLES