សួស វីសា បានសម្រាលកូនស្រីដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដោយនាងបានដាក់ឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny។ ទោះជាកូនដំបូងក្ដី តែវីសា មានសុខភាពល្អទេ ហើយគេឃើញស្វាមីរបស់នាង លោកថមមី បានទៅកំដរភរិយាដោយយកចិត្តទុកដាក់ តាំងពីមុននិងក្រោយភរិយារបស់លោកសម្រាល។

ប៉ុន្ដែយ៉ាងណា បំណងដែលពួកគេចង់បានកូនភ្លោះនោះ មិនទាន់បានសម្រេចនៅឡើយ ព្រោះកូនទី១នេះ បានត្រឹមកូនទោលតែប៉ុណ្ណោះ។
សួស វីសា បានសម្រេចចិត្តបង្វិលពីការសម្រាលកូននៅប្រទេសថៃ មកកើតនៅមន្ទីពេទ្យមួយ នៅក្នុងស្រុកវិញ ដោយសារតែកូវីដ-១៩ នៅមិនទាន់ស្ងាត់។ មុនដល់ថ្ងៃសម្រាលកូនស្រីនេះ នាងទទួលបានកាដូពីមិត្តភក្ដិសម្រាប់កូនរបស់នាងឡើងពេញ១គ្រែតែម្ដង ដូចជា ទឹកដោះគោ តុក្កតា អង្រឹង រួមទាំងសម្ភារៈកូនក្មេង។

ប៉ុន្ដែមុនឆ្លងទន្លេ២សប្ដាហ៍ វីសា ជួបរឿងមួម៉ៅក្ដៅចិត្តយ៉ាងខ្លាំង ព្រោះតែពេលនាងទៅណាម្ដងៗ ត្រូវបានគេសម្លឹងមើលលើមើលក្រោម ដោយសារតែឃើញនាងឡើងគីឡូខ្លាំងពេក រហូតដល់វីសា តបថា គ្មានស្រីណាចង់ធាត់បែបនេះទេ តែនេះនាងមានផ្ទៃពោះណា ម៉េចបានមើលអីមើលយ៉ាងនេះ។
តារាចម្រៀងរូបនេះថែមទាំងថា នាងជានារីម្នាក់ដែលមានសំណាងបំផុត ព្រោះបានប្ដីចេះថ្នាក់ថ្នមចិត្តគ្រប់ពេលវេលាទាំងអស់។

សួស វីសា បានរៀបការកាលពីថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ជាមួយតារាសម្ដែងលោកប៊ុនថុល ប៊ុនថង ហៅថមមី។ ក្រោយរៀបការភ្លាមៗ នាងបាននាំប្ដីទៅពិភាក្សារឿងយកកូនភ្លោះជាមួយគ្រូពេទ្យជំនាញនៅថៃ តែពេលនេះមិនអាចយកបានដូចចិត្តឡើយ។

គូស្នេហ៍តារា១គូនេះ ត្រូវបានគេមើលឃើញថា ពេលនេះមានទ្រព្យច្រើន ដូចជា នាងរស់នៅផ្ទះវីឡាស្កឹមស្កៃ និងមានរថយន្ដទំនើបជាច្រើនគ្រឿងជិះឆ្លាស់គ្នា គឺ Lexus Lx570 , Lexus Nx200t , Mazda និង Alphard ជាដើម។

ដោយឡែក ទាក់ទងអាជីពចម្រៀងវិញ វីសា ធ្លាប់ប្រាប់ថា នាងបានសុំច្បាប់ថៅកែហង្សមាស តាំងពីពោះធំ និងក្រោយសម្រាលកូននេះ ដែលអាចឈប់រយៈពេល១ឆ្នាំ គឺមានន័យថា នាងនឹងវិលមកកាន់ក្បាលមីក្រូវិញនៅដើមឆ្នាំ២០២១៕
