Saturday, August 23, 2025
Homeព័ត៌មានជាតិសូមឈប់ធ្វើរឿងនេះភ្លាម អាជ្ញាធរខេត្តព្រះសីហនុ ព្រមានហើយ!!!

សូមឈប់ធ្វើរឿងនេះភ្លាម អាជ្ញាធរខេត្តព្រះសីហនុ ព្រមានហើយ!!!

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានព្រមានចាត់ការផ្លូវច្បាប់ លើក្រុមអ្នកទៅចាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយមានអ្នកបញ្ជាពីក្រោយ ដែលដីនោះស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានចលនានៃការចូលមកបោះរបងចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យ នៅទីតាំងដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការទប់ស្កាត់ ដោយបានធ្វើរុះរើខ្ទម និងបង្គោលរបងទាំងនោះចេញវិញ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ក្រុមប្រជាពលរដ្ឋដែលមានការដឹកនាំបញ្ជាពីមេខ្យល់ បានចេញមកធ្វើការតវ៉ា និងរារាំងការអនុវត្តការងាររបស់អាជ្ញាធរស្រុក ដែលជាមន្ត្រីរាជការសាធារណៈ ព្រមទាំងបាននាំគ្នាបិទផ្លូវ (វិថីសម្តេចសង្ឃរាជ ទេព វង្ស) ធ្វើឱ្យកកស្ទះមិនអាចធ្វើចរាចរណ៍បាន ដែលទង្វើនេះគឺជាការបំពានលើផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ចូលមកចាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងចូលរួមក្នុងការប្រឆាំងតវ៉ាបិទផ្លូវសាធារណៈ សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីបងប្អូននៅតែបន្តធ្វើសកម្មភាពដែលប្រាសចាកពីផ្លូវច្បាប់ទៀត រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា កន្លងមក មានករណីក្រុមមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលមកបោះរបងចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យនៅក្នុងទីតាំងខាងលើ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការអប់រំណែនាំឱ្យប្រជាពលរដ្ឋទាំងនោះ ចាកចេញពីទីតាំងដីរបស់រដ្ឋ និងបានធ្វើការរុះរើខ្ទម និងបង្គោលរបងទាំងនោះចេញ ចំនួន៤លើករួចមកហើយ៕

RELATED ARTICLES