ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីដឹងថា សង្សាររបស់ខ្លួនត្រូវបានបុរសម្នាក់ទៀត កំពុងលួចទាក់ទង (ញ៉ែ) ក៏កើតចិត្តប្រចណ្ឌខឹងសម្បាយ៉ាងខ្លាំង រហូតដល់បែកគំនិតថតវីដេអូឃ្លីបកាន់ដាវ និយាយគំរាមថា នឹងសម្លាប់ បើនៅតែបន្តលួចញ៉ែសង្សាររបស់ខ្លួនទៀត បន្ទាប់មកក៏ផ្ញើទៅឱ្យបុរសដែលលួចញ៉ែសង្សារខ្លួន លុះបុរសរូបនោះទទួលបានវីដេអូគំរាមសម្លាប់ហើយភ័យខ្លួន ក៏ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។
ករណីចាប់ខ្លួនជនសង្ស័យដែលផ្ញើវីដេអូគំរាមសម្លាប់គេខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

ជនសង្ស័យដែលផ្ញើវីដេអូគំរាមសម្លាប់គេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះង្វៀង យ៉ាំងឡឺយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបរម៉ូតូកង់បី ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។ ចំណែកជនរងគ្រោះ មានឈ្មោះហ្វឺរី (FERRY) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ក្រោន (ផ្នែកអនឡាញ) ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។
តាមប្រភពពីមន្ត្រីនគរបាលស្រុកកោះធំ បានឱ្យដឹងថា កន្លងមក ជនសង្ស័យបានស្រលាញ់គ្នាជាមួយនារីម្នាក់ ឈ្មោះគីម ង៉ុក អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ដូចគ្នា និងមានលំនៅក្នុងប្រទេសវៀតណាម។ ក្រោយមក ជនសង្ស័យបានដឹងដំណឹងថា ឈ្មោះគីម ង៉ុក ជា សង្សាររបស់ខ្លួនបានលួចមានទំនាក់ទំងស្នេហាជាមួយឈ្មោះហ្វឺរី (FERRY) ជាជនជាតិឥណ្ឌូនេស៊ី ដែលជាជនរងគ្រោះ។

ជនសង្ស័យបន្តថា នៅពេលនោះ ជនសង្ស័យកើតមានចិត្តប្រចណ្ឌខឹងសម្បាយ៉ាងខ្លាំង រហូតដល់បែកគំនិតថតឃ្លីបវីដេអូក្នុងទូរស័ព្ទដៃរបស់ខ្លួន កាន់ដាវនៅដៃ និយាយជាភាសាខ្មែរ និងជាភាសាវៀតណាម គំរាមសម្លាប់ជនរងគ្រោះ ប្រសិនបើជនរងគ្រោះមិនព្រមឈប់ញ៉ែសង្សាររបស់ខ្លួនទេ។ ពេលថតជាឃ្លីបវីដេអូរួចហើយ នៅវេលាម៉ោង ១០និង២៨នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យក៏បានផ្ញើឃ្លីបវីដេអូនោះ ទៅឱ្យជនរងគ្រោះតាមឆាត ដើម្បីជាការគំរាម។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីទទួលបានវីដេអូនោះហើយ ជនរងគ្រោះមានអារម្មណ៍ភ័យខ្លួនយ៉ាងខ្លាំង ទើបនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះ ក៏បានមករាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ឱ្យជួយស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ និងបានបង្ហាញភ័ស្តុតាងវីដេអូឃ្លីបដែលជនសង្ស័យកាន់ដាវ និយាយគំរាមសម្លាប់ខ្លួន ឱ្យសមត្ថកិច្ចបានឃើញទៀតផង។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ តាមដានរកមុខជនសង្ស័យ រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ទើបឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន នាំយកទៅសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕