Saturday, August 23, 2025
Homeព័ត៌មានជាតិចុះបិទហាងកែសម្ជស្ស ម្ចាស់ជាជនជាតិវៀតណាម ព្រោះតែអតិថជនប្តឹង

ចុះបិទហាងកែសម្ជស្ស ម្ចាស់ជាជនជាតិវៀតណាម ព្រោះតែអតិថជនប្តឹង

ភ្នំពេញ ៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស វីនេស (VENUS Academy&Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៥ ផ្លូវលេខ២៤២ (ឧកញ៉ាពេជ្រ) សង្កាត់ចតុមុខ ខណ្ឌដូនពេញ បន្ទាប់ពីហាងកែសម្ជស្សមួយនេះ ត្រូវអតិថិជនប្តឹងថា បានកែសម្ជស្សពីស្អាតទៅខូចមុខអស់។

ការសម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស វីនេស (VENUS Academy&Clinic) នេះ ត្រូវបានក្រសួងសុខាភិបាល អះអាងថា ដោយសារមូលហេតុនៃការផ្តល់សេវាកែសម្ផស្សគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ការវះកាត់កែសម្ផស្ស មិនគោរពតាមបទដ្ឋានបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់សុខភាពអតិថិជន និងមានចេតនាគេចវេះ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែក តាមសម្តីរបស់ជនរងគ្រោះដែលសុំមិនិបញ្ចេញអត្តសញ្ញាណ បានបង្ហើបប្រាប់ថា មូលហេតុដែលខ្លួនសម្រេចចិត្តទៅកែសម្ផស្សនៅគ្លីនិកឈ្មោះវីនេស (VENUS Academy&Clinic) នេះ គឺដោយសារតែខ្លួនជឿតាមសម្តីលួងលោមរបស់បុគ្គលឈ្មោះឡេង ថាវី និងឈ្មោះ Nguyen Thi Phuong ព្រមទាំងបុគ្គលដែលខ្លួនស្គាល់ឈ្មោះតាមហ្វេសប៊ុក Cham Chetra (Hong Cham)។

ជនរងគ្រោះបន្តថា ជនឆបោកទាំង៣នាក់នោះ បានអះអាងប្រាប់គាត់ថា ពួកគេគឺជាគ្រូពេទ្យជំនាញកែសម្ផស្ស នៅមជ្ឈមណ្ឌលកែសម្ផស្សខាងលើ ទើបខ្លួនសម្រេចចិត្តទៅធ្វើការវះកាត់កែច្រមុះ ដោយបុគ្គលឈ្មោះឡេង ថាវី និង Nguyen Thi Phuong ព្រមទាំង Cham Chetra សន្យាថា នឹងយកឆ្អឹងខ្ចីមកតខ្ទង់វិញ។

ជនរងគ្រោះបានបញ្ជាក់ថា ក្រោយពីការវះកាត់រួច ខ្លួនមានអាការថប់ដង្ហើម និងមានហូរឈាមលាយខ្ទុះ ព្រមទាំងមានការឈឺចុកចាប់ខ្លាំង ទើបខ្លួនសម្រេចចិត្តទៅរកពេទ្យឯកទេសដើម្បីធ្វើការព្យាបាល ទើបដឹងថា​ បុគ្គលឈ្មោះឡេង ថាវី និង Nguyen Thi Phuong ព្រមទាំង Cham Chetra បានវះកាត់ច្រមុះរបស់ខ្លួន ដោយខុសបទដ្ឋានវេជ្ជសាស្ត្រ។

ជាចុងក្រោយ ជនរងគ្រោះបានសំណូមពរឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ មុននឹងសម្រេចចិត្តទៅកែសម្ផស្ស ត្រូវពិនិត្យមើលថា តើគ្លីនិកនោះមានការទទួលស្គាល់ពីក្រសួងសុខភិបាលដែរឬទេ ចៀសវាងជួបប្រទះរឿងអកុសលដូចខ្លួន។

តាមរយៈប័ណ្ណប៉ាតង់ឆ្នាំ២០២០ បង្ហាញថា សហគ្រាស វីនេស អេឃើដឹមី គ្លីនិក ឯ.ក នេះមានម្ចាស់ឈ្មោះ NGUYEN THI PHUONG មានសញ្ជាតិវៀតណាម៕

RELATED ARTICLES