ខេត្តព្រះសីហនុ ៖ ស្ត្រីវ័យចំណាស់ម្នាក់តែងអុជធូបទៀន បន់ស្រន់សុំក្តីសុខជារៀងរាល់យប់ លុះចុងក្រោយ គាប់ជួនមិនសូវស្រួលខ្លួន ទើបក្រោយពេលអុជធូបលើហុឹងរួច ក៏ដើរចេញទៅផ្ទះកូន ដើម្បីឱ្យកូនជួយកោសខ្យល់ឱ្យ ស្រាប់តែអកុសលភ្លើងធូបនិងទៀន បានរាលឆេះផ្ទះទាំងមូល បណ្តាលឱ្យរងការខូចខាតទាំងស្រុង។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលទទួលរងការឆាបឆេះនេះ មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ជាប្រភេទផ្ទះតៀម សង់ផ្ទាល់ដី ដំបូលនិងជញ្ជាំងប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់លោកយាយអ៊ិន នឹម អាយុ៧៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
ប្រភពដដែល បន្តថា តាមទម្លាប់ ជារៀងរាល់យប់មុនចូលសម្រាន្ត លោកយាយជាម្ចាស់ផ្ទះ តែងអុជធូបទៀននៅលើហុឹងក្នុងផ្ទះ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងមិនធ្លាប់មានបញ្ហាអ្វីឡើយ។ ស្រាប់តែមកដល់យប់ថ្ងៃកើតហេតុ បន្ទាប់ពីអុជធូបទៀននៅលើហុឹងរួចដូចសព្វដង ដោយសារលោកយាយជាម្ចាស់ផ្ទះ កើតមានអាការមិនសូវស្រួលខ្លួន ទើបបានដើរចេញពីផ្ទះសំដៅទៅផ្ទះកូន ដើម្បីឱ្យកូនជួយកោសខ្យល់ឱ្យ ដោយទុកធូបទៀនចោល។ លុះមួយសន្ទុះក្រោយមក ក៏កើតមានការផ្អើលឆោឡោពេញភូមិ ដោយសារឃើញអណ្តាតភ្លើងកំពុងឆាបឆេះផ្ទះលោកយាយរងគ្រោះពេញបន្ទុកទៅហើយ។

នៅអំឡុងពេលកើតហេតុនោះ ប្រជាពលរដ្ឋក្បែរខាង បាននាំគ្នាជួយជះទឹកពន្លត់យ៉ាងសស្រាក់សស្រាំដែរ តែមិនឈ្នះ ចំណែករថយន្តពន្លត់អគ្គិភ័យ មិនបានចេញមកជួយអន្តរាគមន៍បានឡើយ ដោយសារតែគ្មានផ្លូវសម្រាប់រថយន្តពន្លត់អគ្គិភ័យចូល ហេតុនេះ ទើបធ្វើឱ្យផ្ទះទាំងមូល ត្រូវក្លាយជាចំណីភ្លើងសល់តែផេះផង់៕