ខេត្តព្រះវិហារ ៖ កម្លាំងទីចាត់ការដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានស្ទាក់ចាប់ឃាត់រថយន្តធុនធំមួយគ្រឿង ដែលត្រូវបានក្រុមឈ្មួញខិលខូចប្រើល្បិចថ្មី ធ្វើជាដាក់បាវធ្យូងនិងបាវអង្កាមពីលើ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច តែធាតុពិត បានបង្កប់ឈើល្មើសច្បាប់នៅពីក្រោម តែយ៉ាងណា គេចមិនផុតពីភ្នែកសមត្ថកិច្ចជំនាញឡើយ។

មន្ត្រីក្នុងរង្វង់ប្រតិបត្តិការ បានឱ្យដឹងថា ការចុះចាប់រថយន្តធំដឹកជញ្ជូឈើគ្មានច្បាប់អនុញ្ញាត១គ្រឿងនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ខណៈដែលរថយន្តខាងលើ កំពុងធ្វើចរាចរណ៍លើដងផ្លូវនៅចំណុចព្រៃស្មាច់ ស្ថិតនៅក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន។

លោកសុង ច័ន្ទសុជាតិ ប្រធានស្តីទីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា កម្លាំងទីចាត់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះចាប់រថយន្តខ្នាតធំ១គ្រឿង ដែលបានលួចដឹកជញ្ជូនឈើល្មើសច្បាប់ ដោយរថយន្តនោះបានដាក់បាវធ្យូង និងបាវអង្កាមពីលើបង្កប់ឈើពីក្រោម។

លោកបានបន្តថា រថយន្តដែលចាប់បានននោះ ជាប្រភេទវេអង ពណ៌ខៀវលាយស ពាក់ស្លាកលេខតាកែវ 3A-0393 រថយន្តនេះបានធ្វើសកម្មភាពចូលទៅលើកឈើនៅចំណុចព្រៃស្មាច់ និងនៅតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិគូលែនត្បូង គ្រោងធ្វើចរាចរណ៍ចាកចេញពីតំបន់នោះ ប៉ុន្តែកម្លាំងបរិស្ថានបានដឹង ក៏ចុះឃាត់ភ្លាមៗ រីឯតៃកុងរថយន្តនេះ បានគេចខ្លួនបាត់។

លោកសុង ច័ន្ទសុជាតិ បានបញ្ជាក់ថា ក្រោយការបង្ក្រាបរថយន្តដឹកឈើខ្នាតនេះ ត្រូវបាននាំយកមករក្សាទុកនៅទីចាត់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព “តាកឹង”។ រហូតមកទល់នឹងពេលនេះ ឈើនៅក្នុងរថយន្តនោះមិនទាន់បានរើចេញ និងក៏មិនទាន់ដឹងថា ឈើទាំងនោះមានប៉ុន្មានប្រភេទ និងប៉ុន្មានម៉ែត្រគូបនោះទេ ព្រោះកម្លាំងបរិស្ថាន ជាប់រវល់ឡើងភ្នំត្បែង ដោយមិនអាចដកឃ្លាមកវាស់វែងបាននៅឡើយ។
លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញនឹងរើឈើនោះចេញពីរថយន្ត ព្រមទាំងរាប់ និងវាស់នៅពេលខាងមុខនេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕