Saturday, August 23, 2025
Homeព័ត៌មានជាតិពូម៉ូតូឌុបមកឃាត់ដែរ ប៉ុន្តែពូកង់៣ ទាំងសងខាង មិនស្តាប់

ពូម៉ូតូឌុបមកឃាត់ដែរ ប៉ុន្តែពូកង់៣ ទាំងសងខាង មិនស្តាប់

ភ្នំពេញ ៖ បុរសជាអ្នកប្រកបរបររត់ម៉ូតូកង់បី បានកើតមានជម្លោះនឹងគ្នារឿងដណ្តើម៉ូយ ឈានដល់អំពើហិង្សា ដោយម្ខាងទាញផ្គាក់ ម្ខាងទាញដំបង កាប់ចាក់វ៉ៃគ្នា ធ្វើឱ្យផ្អើលដល់កម្លាំងនគរបាលចរាចរណ៍ចុះអន្តរាគមន៍ និងឃាត់ខ្លួន៣នាក់ បានភ្លាម ដោយដកហូតបានកាំបិតផ្គាក់ចំនួន១ និងដំបង១ ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុបក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បុរសទាំង៣នាក់ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១- ឈ្មោះហុក វី អាយុ៣៨ឆ្នាំ មុខរបររត់កង់បីខ្មែរ (ជាម្ចាស់កាំបិតផ្គាក់) មានលំនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទី២- ឈ្មោះ ធន់ ទុយ អាយុ៣៨ឆ្នាំ មុខរបរត់ម៉ូតូកង់បីឥណ្ឌា (ម្ចាស់ដំបង) ស្នាក់នៅភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមាន និងទី៣- ឈ្មោះធន់ ចំរើន អាយុ៤០ឆ្នាំ មុខរបរត់ម៉ូតូឌុប មានលំនៅម្តុំបឹងត្របែក ខណ្ឌចំការមន ត្រូវជាបងបង្កើតម្ចាស់កង់បីឥណ្ឌា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាអ្នករត់កង់បីខ្មែរបាននិយាយទៅកាន់បុរសជាអ្នករត់កង់បីឥណ្ឌា ថា “បើម៉ូយខ្ញុំ កុំមកសួរ ហើយបើម៉ូយរបស់អ្នកឯង ក៏ខ្ញុំមិនទៅសួរដែរ” ក៏កើតការជជែកតឹងសរសៃកដាក់គ្នា បង្កជាម្លោះគ្នា និងឈានទៅដល់ការប្រតាយប្រតប់គ្នា ហើយបុរសជាអ្នករត់ម៉ូតូកង់បីខ្មែរ ក៏បានរត់ទៅទាញកាំបិតផ្គាក់ ពីក្នុងរ៉ឺម៉ករបស់ខ្លួន ចំណែកឯបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌា​ ក៏បានរត់ទៅទាញដំបងរបស់ខ្លួន ចេញមកដេញកាប់ និងវាយគ្នាយ៉ាងវក់វី។

ដោយបានឃើញបែបនោះ បុរសជាអ្នករត់ម៉ូតូឌុបមកជួយចាប់ឃាត់អ្នកទាំងពីរ កុំឱ្យឈ្លោះគ្នាដែរ តែបុរសទាំង២មិនស្តាប់ទេ ក៏នៅតែបន្តដេញកាប់និងវាយគ្នា ហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលចរាចរណ៍ដែលនៅគោលដៅច្រមុះជ្រូក ក្បាលថ្នល់ ចេញធ្វើអន្តរាគមន៍ចាប់ឃាត់គូជម្លោះទាំង៣នាក់ និងដកហូតកាំបិតផ្គាក់១ និងដំបងឈើប្រវែងកន្លះម៉ែត្រ១ ប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ តែម្តង។

ពាក់ព័ន្ធទៅនឹងករណីជម្លោះរវាងអ្នករត់ម៉ូតូកង់បីខ្មែរ និងបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាខាងលើនេះ គឺកើតឡើងដោយសារតែដណ្តើមម៉ូយគ្នា តែមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ទេ គ្រាន់តែរលាត់ដៃជើងទាំងសងខាង សំណាងល្អ មានកកម្លាំងមានសមត្ថកិច្ចនៅក្បែរនោះ ជួយធ្វើអន្តរាគមន៍ចាប់ឃាត់ទាន់ពេលវេលា បើមិនដូច្នោះទេអាចឈានទៅដល់ស្លាប់រស់មិនខាន។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានបញ្ជូនបុរសជាអ្នករត់កង់បីខ្មែរ និងបុរសជាអ្នករត់កង់បីឥណ្ឌា រួមទាំងបុរសអ្នករត់ម៉ូតូឌុប សរុបចំនួន៣នាក់ និងកាំបិតផ្គាក់ ព្រមទាំងដំបង ជាវត្ថុតាង ទៅកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តទៅតាមនីតិវិធី៕

RELATED ARTICLES