Saturday, August 23, 2025
Homeព័ត៌មានជាតិទើបបានលុយម្តាយលក់ដីថ្មីៗ... គាត់សប្បាយមួយអស់ដៃតែម្តង

ទើបបានលុយម្តាយលក់ដីថ្មីៗ… គាត់សប្បាយមួយអស់ដៃតែម្តង

ខេត្តស្វាយរៀង ៖ បុរសម្នាក់ទើបនឹងត្រូវម្តាយចែកដីឱ្យថ្មីៗ ក៏ប្រញាប់វិលទៅស្រុកកំណើត ដើម្បីកាត់ឈ្មោះ ធ្វើប្លង់ លុះទៅដល់ជួបជុំមិត្តភក្តិ ក៏នាំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ស្រាប់តែដើរខុសផ្លូវធ្លាក់ចូលទឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចទំនប់ទឹកថ្នា ស្ថិតក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល។

សមត្ថកិច្ចស្រុករំដួល បានឱ្យដឹងថា បុរសរងគ្រោះខាងលើ មានឈ្មោះអ៊ុយ យ៉ិន អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃ្លឿ ឃុំត្បែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា បុរសខាងលើរស់នៅឯខេត្តបាត់ដំបង តែដោយសារម្តាយចែកដីឱ្យ ទើបត្រឡប់មកស្រុកកំណើត ដើម្បីកាត់ឈ្មោះធ្វើប្លង់។ លុះក្រោយមកក៏បានជួបជុំមិត្តភក្តិសាច់ញាតិផឹកស៊ីជុំគ្នា រហូតដល់ស្រវឹងជោក ស្រាប់តែមិនដឹងជាយ៉ាងម៉េច ព្រឹកឡើងមានការភ្ញាក់ផ្អើលថា បានលង់ទឹកនៅចំណុចទំនប់ថ្នា ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ នគរបាលស្រុក និងគ្រូពេទ្យបង្អែកស្រុក ចុះពិនិត្យសព ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ឱ្យបងប្អូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES