ឆន សុវណ្ណារាជ បានបង្អួតកាដូធំនៅថ្ងៃខួបកំណើតរបស់ខ្លួន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដែលអ្នកចម្រៀងហង្សមាស រូបនេះ ទទួលបានកម្រងផ្កានូវទឹកប្រាក់ដល់ទៅចំនួន១០០០០ដុល្លារ និងចិញ្ជៀនពេជ្រ១វង់ តម្លៃម៉ឺនដុល្លារថែមទៀត ធ្វើឲ្យតារារោមទ្រូងច្រើនរូបនេះ ត្រេកអរនិងរំភើបជាពន់ពេក។

ទោះជាយ៉ាងណា ក្នុងការប្រារព្ធខួបនៅផ្ទះ ក្នុងវ័យជាង៣០ឆ្នាំនេះ សុវណ្ណារាជ មិនបញ្ជាក់ថា តើម្ចាស់កាដូខាងលើជាអ្នកណា ហើយស្រី ឬជាប្រុសទេ ទើបធ្វើឲ្យមហាជនមិនអស់ចម្ងល់ឡើយខណៈដែលកន្លងមកលេចឮថា តារាចម្រៀងរោមទ្រូងច្រើនរូបនេះ មានមន្ដស្នេហ៍មិនធម្មតាឡើយ គឺទាំងស្រី ទាំងប្រុស សម្រុកចោមស្នេហាលោកតែម្ដង។

យ៉ាងណា សុវណ្ណារាជ មិនធ្លាប់បង្ហាញមុខគូស្នេហ៍ពិត ដើម្បីជម្រះការសង្ស័យទាំងឡាយថា អ្នកណាជាម្ចាស់បេះដូងពិតរបស់លោកនោះទេ បន្ទាប់ពីឆ្នាំមុន លោកធ្លាប់សារភាពប្រាប់អ្នកយកព័ត៌មានយើងថា មានសង្សារជានិស្សិតខ្មែរ សិក្សានៅអាមេរិក ឈ្មោះ ”អរិយ៉ា” ប៉ុន្តែរយៈពេលជិត១០ឆ្នាំនេះ បែរជាស្ងាត់រឿងឆ្លងទ្វីបនេះទៅវិញ ស្រាប់តែថ្ងៃខួបកំណើតឆ្នាំនេះ សុវណ្ណារាជ បែរជាមានយីអ៊ុនខ្ពស់ ទទួលបានទាំងកាដូលុយដុល្លារ១បាច់ និងចិញ្ជៀនពេជ្រ១វង់ ក្នុងពេលតែមួយតែម្ដង។

ឆន សុវណ្ណារាជ ហាក់នៅទ្រឹងរយៈពេលចុងក្រោយនេះ ក្រោយពីការមកដល់ហង្សមាស របស់លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ កាលពីឆ្នាំ២០១៧ទើបធ្វើឲ្យសុវណ្ណារាជ មិនសូវលេចធ្លោដូចមុន។ ប៉ុន្ដែនៅរដូវបុណ្យកឋិនទាននេះ សុវណ្ណារាជ បានងាកទៅចាប់ដៃគូជាមួយអ្នកមេម៉ាយពេជ្រ សោភា ដោយចេញបទចម្រៀង និងសម្ដែង MV រួមគ្នាម្ដងទៀត ដើម្បីឲ្យទីផ្សារចម្រៀងមានការប្រែប្រួលជាថ្មី។

ក្រោយការដើចេញពីហង្សមាស របស់លោកព្រាប សុវត្ថិ នោះ មហជនភាគច្រើនហាក់មិនសូវសង្ឃឹមថា សុវណ្ណារាជ អាចទៅអង្គុយកៅអីនោះទេ ព្រោះម្នាក់ៗនិយាយតែលោកសិរីមន្ត មានប្រៀបជាងទៅវិញ បើទោះជាម្ចាស់បទ ”ទីក្រុងគ្មានមេឃ” រូបនេះ ជ្រកកោននៅហង្សមាស រយៈពេល១៣ឆ្នាំទៅហើយក្ដី៕




