នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រេចផ្តល់ថវិកា៣០០លានរៀល ដល់ខេត្តចំនួន៣ ដែលរកផលប៉ះពាល់ដោយទឹកជំនន់ខ្លាំងជាង គឺខេត្តពោធិ៍សាត់ បាត់ដំបង និងមន្ទាយមានជ័យ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាដល់សាខាកាកបាទក្រហម ចំនួន៣ រួមមាន ៖ ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ក្នុងមួយសាខាៗ ទទួលបានថវិកា១០០លានរៀល ដើម្បីទិញស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង។

លោកជំទាវ បានបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗ នឹងទទួលបានអង្ករ, ត្រីខ, មី, ទឹកស៊ីអ៊ីវ, ទឹកត្រី និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត”។

គួបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យខេត្តទាំង៣ខាងលើ ជន់លិចយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ បានធ្វើការជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពរាប់រយគ្រួសារផងដែរ។

យ៉ាងណា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ លោក ឃុន សុខា បានប្រាប់ថា អ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងមានចំនួន១១នាក់ ខណៈប្រជាពលរដ្ឋជាង១៤ម៉ឺនគ្រួសារ បានប៉ះពាល់ ក្នុងនោះ ជាង១ម៉ឺនគ្រួសារ បានកំពុងជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព និងស្រូវ ដំណាំ ជាង១៤ម៉ឺនហិកតារ កំពុងលិចលង់៕
