បើទោះជាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ភ្លៀងស្ទើរបាក់មេឃ បណ្ដាលឲ្យជនលិចរាជធានីភ្នំពេញ និងបណ្ដាខេត្តជាច្រើនក្ដី ប៉ុន្ដែមិនជាឧបសគ្គក្នុងការរារាំងតារាសម្ដែង និងពិធីករ លោកអេដ វីន និងសង្សារ ដែលជាអតីតប្រពន្ធថៅកែ LD អ្នកនាង Panhchaka June ក្នុងការបើកហាងលក់សាច់អាងមួយកន្លែងឡើយ។

ការបង្កើតមុខរបរថ្មីនេះ លោកអេដ វីន និងគូស្នេហ៍ ត្រូវការរកប្រាក់ចំណូលដើម្បីសន្សំលុយរៀបការជាមួយគ្នា នាពេលខាងមុខនេះ ហើយព្រោះចំណងស្នេហាលោកគ្មានអ្នកណាមកព្យាបាទឡើយ ដោយសារតែលោកលៀក លីដា ដែលជាថៅកែផលិតកម្ម LD នោះ កំពុងតែមានសេចក្ដីសុខជាមួយស្រីស្នេហ៍ថ្មី កញ្ញាសាឡាត់ ស្រីឡាង ទៅហើយ។

ចំណែកអេដ វីន ដែលមានរូបរាងសង្ហាសាច់ដុំធំៗ មានស្រីអ្នកមានទ្រព្យជាច្រើនតោងស្នេហ៍នេះវិញ លោកមិនខ្វល់ចង់ឲ្យស្រីទាំងនោះ ឧបត្ថម្ភ ឬចិញ្ចឹមលោកឡើយ ប៉ុន្តែផ្ទុយទៅវិញ លោកបែរជាងាកទៅភ្ជាប់ស្នេហ៍ជាមួយប្រពន្ធថៅកែ LD ដែលជាមេម៉ាយកូន២ទៅវិញ។

ចំណងស្នេហាខុសវ័យរវាងអេដ វីន និងអ្នកនាង Panhchaka June ត្រូវបានចាស់ទុំទាំងសងខាងទទួលស្គាល់ ខណៈដែលម្ដាយអដ វីន ក៏ពេញចិត្តសង្សារកូនប្រុសដែរ។

អ្វីដែលធ្វើឲ្យអតីតប្រពន្ធថៅកែ LD កាន់តែមានភាពកក់ក្ដៅថែមទៀតនោះ គឺអេដ វីន បានបង្ហាញកាយវិការស្រលាញ់កូនស្រីទាំង២របស់នាង ដូចជា កូនរបស់លោកដែរដូចពាក្យគេថា ”ស្រលាញ់មេបំពេកូន” ដែលរឹតតែធ្វើឲ្យនាងគ្មានការរារែកចិត្តចំពោះការប្រគល់បេះដូងឲ្យទៅប្រុសក្មេងស្អំរបួស។

ប៉ុន្ដែយ៉ាងណា គម្រោងរៀបការរវាងអេដ វីន និងប្រពន្ធចាស់ថៅកែ LD មិនទាន់បានកំណត់ច្បាស់លាស់ឡើយ បើទោះជាមុននេះ អ្នកនាង Panhchaka June ថា នាង និងអេដ វីន កំពុងប្រឹងសន្សំលុយរៀងៗខ្លួន ទុករៀបការជាមួយគ្នានៅថ្ងៃណាមួយក្ដី៕


