ខេត្តមណ្ឌលគិរី ៖ ទីបំផុត មេខ្លោងរុករានដីព្រៃនៅខេត្តមណ្ឌលគិរី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅឯខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធី។

តាមប្រភពព័ត៌មានក្រៅផ្លូវការ បានឱ្យដឹងថា មន្ត្រីយោធាម្នាក់ឈ្មោះចាន់ ធី ដែលជាមេដឹកនាំការទន្ទ្រានដីព្រៃនៅចំណុចភ្នំរហាំ ក្នុងភូមិពូឆបឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួន ក្រោយពីគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ស្រាវជ្រាវជីកឫសគល់ឈានដល់ការកំណត់អត្តសញ្ញាណរបស់អ្នកពាក់ព័ន្ធជាច្រើននាក់។

ប្រភពដដែលបន្តថា ក្នុងសំណុំរឿងដ៏កក្រើកនេះ គណៈកម្មការបានរកឃើញមានអ្នកពាក់ព័ន្ធជាង១០នាក់ ឃាត់ខ្លួនបាន៥នាក់ហើយ ឯអ្នកនៅសល់ពីនេះកំពុងគេចខ្លួន ហើយភាគច្រើនពួកគេជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

ជនពាក់ព័ន្ធដែលសមត្ថកិច្ចឃាត់ខ្លួននាពេលកន្លងមករួមមាន ទី១-ឈ្មោះចាន់ ធី ជាមន្ត្រីយោធា ទី២-ឈ្មោះពៅ សុធារ៉ាន់ ជាមន្ត្រីនគរបាល ទី៣-ឈ្មោះហង់ ជុង ជាមន្ត្រីនគរបាល ទី៤-ឈ្មោះម៉ា ម៉េងធី ជាចាងហ្វាងកាសែតព្រហ្មខ័ន្ធអនឡាញ និងទី៥-មិនទាន់ស្គាល់អត្តសញ្ញាណ។

សូមរំឭកថា គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ និង ឧត្តមសេនីយ៍ឯក ហុង វិណុល បានចុះទៅត្រួតពិនិត្យដីព្រៃមួយកន្លែង ដែលត្រូវគេឈូសឆាយរាប់រយហិកតារ នៅចំណុចភ្នំក្បាលខ្មោច និង ភ្នំរហាំ ជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្រោយពីឃាត់ខ្លួនមនុស្សមួយចំនួនដាក់ពន្ធនាគារ ដែលជាប់ពាក់ព័ន្ធនឹងករណីរុករានដីព្រៃយកធ្វើជាកម្មសិទ្ធិ៕