ព័ត៌មានដែលគេសង្ស័យថា ពេជ្រ សោភា គ្រោងរត់ចោលហង្សមាស ដូចលោកព្រាប សុវត្ថិ ដើម្បីទៅចូលរួមជាមួយផលិតកម្ម Galaxy ដោយនាងនឹងទទួលបានកាដូផ្ទះវីឡា និងប្រាក់ដុល្លារ១បាច់ធំនោះ នៅតែស្ថិតក្នុងភាពតាមដានពីមហាជននៅឡើយ ខណៈដែលពេជ្រ សោភា ហាក់សម្ដែងការស្ទាក់ស្ទើរក្នុងចិត្ត ព្រោះតែនាងមិនទាន់អស់និស្ស័យជាមួយហង្សមាស។

ប៉ុន្ដែអំឡុងពេលដែលអ្នកមេម៉ាយពេជ្រ សោភា នៅមិនទាន់ក្លាយទៅជាតារាចំណូលថ្មីរបស់ Galaxy នោះ គេសង្កេតឃើញថា ថៅកែហង្សមាស ហាក់ចង់ចងជើងនាងតាមរយៈការផលិត MV បទថ្មីរបស់សោភា ដោយសម្រិតសម្រាំងបំផុត មិនធ្លាប់មានពីមុនឡើយ តាមរយៈបទ ”កឋិនគ្រប់វត្ត” ដែលMV មួយនេះ មានការចំណាយលុយធំមិនចាញ់បទរបស់ខេមរៈ សិរីមន្ដ ឡើយ។
ក្រៅពីសម្ដែងការថ្នមចិត្តសោភា នេះដែរ តាមព័ត៌មានថា ថៅកែហង្សមាស បានឲ្យតំណែងធំដល់សោភា ដើម្បីកុំឲ្យរត់ចេញនោះ តាមរយៈការតំឡើងឋានៈរបស់នាងឲ្យមានឥទ្ធិពលលើសពីតារាចម្រៀងធម្មតា។ ប៉ុន្ដែគេមិនដឹងថា តួនាទីថ្មីរបស់សោភា នោះជាអ្វីនោះទេ ខណៈដែលអ្នកយកព័ត៌មានយើងទូរស័ព្ទសួររឿងនេះ នាងឆ្លើយដោយប្រុងប្រយ័ត្នថា នាងជាអ្នកចម្រៀងហង្សមាស ដដែលទេ។

សោភា ប្រាប់ថា រឿងគេទាក់ទង គឺពិតជាមានមែន ប៉ុន្ដែនាងនៅមានផែនការជាច្រើនទៀតជាមួយហង្សមាស ទាក់ទងការធ្វើបទចម្រៀង ហេតុនេះហើយបើថា គួរចេញដែរឬអត់នោះ? នាងថា ទុកឲ្យមហាជនតាមដានសិនចុះ ព្រោះថ្មីៗនេះ នាងទើបថត MV ឲ្យហង្សមាស ដែរ។
ពេជ្រ សោភា បានជ្រកនៅហង្សមាស រយៈពេលជាង១៥ឆ្នាំមកហើយ ប៉ុន្ដែឥទ្ធិពលរបស់នាងមិនដូចឱក សុគន្ធកញ្ញា ដែលជាប្អូនថ្លៃថៅកែនោះទេ បើទោះជានាងចូលហង្សមាស មុនសុគន្ធកញ្ញា ក្ដី។

ជាក់ស្ដែង ក្នុងកម្មវិធីពិភពលោក តួនាទីគណៈកម្មការ និងគ្រូបង្វឹក សោភា ទទួលបានតែ១គត់ ក្នុងកម្មវិធី “The Voice Cambodia” ។ យ៉ាងណា ទស្សនិកជនយល់ថា ទោះជាពេជ្រ សោភា ជាអ្នកចម្រៀងល្បី និងជើងចាស់ម្នាក់ នៅហង្សមាស មែន ប៉ុន្ដែគេមិនអាចប្រៀបធៀបនាង ជាមួយឱក សុគន្ធកញ្ញា បានទេ ព្រោះនាងជាប្អូនថ្លៃថៅកែផលិតកម្ម ហើយស្វាមីរបស់នាង លោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ទៀត ហេតុនេះហើយអំណាចសុគន្ធកញ្ញា ធំជាងសោភា ឆ្ងាយណាស់។

ប៉ុន្ដែអ្នកខ្លះយល់ថា ចំណុចដែលហង្សមាស មើលរំលងសោភា បែបនេះហើយ ដែលអាចធ្វើឲ្យនាងប្រឈមការអស់និស្ស័យជាមួយហង្សមាស នាពេលខាងមុខនេះ ដូចព្រាប សុវត្ថិ ដែរ ទោះជាពេលនេះថៅកែចង់ចងជើងយ៉ាងណា ប៉ុន្ដែបើនាងចង់ចាកចេញនោះ គឺពិតជាអាចទៅរួចទេ ព្រោះនាងមិនមែនជាអ្នកចម្រៀងមានកុងត្រាឡើយ។

ពេជ្រ សោភា មានជីវភាពស្ទុះឡើង នៅរយៈពេលចុងក្រោយនេះ ដោយនាងរស់នៅផ្ទះវីឡាធំស្កឹមស្កៃ និងជិះរថយន្ដទំនើបៗឆ្លាស់គ្នា មានដូចជា Porsche , Range Rover និង Mercedes ជាដើម ដែលទ្រព្យទាំងនេះមិនចាញ់តារាបរទេសឡើយ៕ ហ៊ឹម វិចិត្រ
