ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន បានប្រកាសឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថា មានជនខិលខូចម្នាក់ស្លៀកពាក់ស្អាតបាត បានដើរបោកបញ្ឆោត និងដើររៃអង្គាសបច្ច័យតាមទីសាធារណៈ និងកន្លែងលក់ដូរ ទីតាំងធ្វើអាជីវកម្មផ្សេងៗ នៅក្នុងភូមិសាស្ត្រទឹកដីខណ្ឌចំការមន ដោយអះអាងថា យកទៅចូលបុណ្យសពឪពុករបស់អភិបាលខណ្ឌ និងថែមទាំងកុហកថា ធ្វើតាមបញ្ជារបស់អភិបាលខណ្ឌ ទៀតផង ហើយពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន យកមកចាត់ការតាមច្បាប់។

រដ្ឋបាលខណ្ឌចំការមន បានប្រកាសជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ថា កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឧបាសកទុយ ធិន ត្រូវជាឪពុកបង្កើតរបស់លោកថេង សុថុល អភិបាលខណ្ឌចំការមន បានទទួលមរណភាពដោយរោគាពាធ។

ហើយជាមួយគ្នានេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌចំការមន ដែលមានឈ្មោះថា “រដ្ឋបាលខណ្ឌចំការមន” ក៏បានធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីមរណទុក្ខនេះ ដើម្បីឲ្យញាតិមិត្តជិតឆ្ងាយនៃសពបានជ្រាបផងដែរ។

ប្រភពដដែល បានបន្តថា ប៉ុន្តែផ្ទុយទៅវិញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ស្រាប់តែមានជនខិលខូចម្នាក់បានឆ្លៀតឱកាសនេះ កេងយកផលចំណេញផ្ទាល់ខ្លួន ដើររៃអង្គាសបច្ច័យនៅតាមលំនៅដ្ឋាន ទីតាំងអាជីវកម្ម និងក្រុមហ៊ុនឯកជននានាក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដោយថាដើម្បីចូលបុណ្យសពឪពុកលោកអភិបាលខណ្ឌ ដោយបាននិយាយថា ធ្វើទៅតាមការណែនាំរបស់លោកថេង សុថុល អភិបាលខណ្ឌចំការមន ។

រដ្ឋបាលខណ្ឌចំការមន បានបន្តថា ចំពោះសកម្មភាពខាងលើនេះ រដ្ឋបាលខណ្ឌចំការមន សូមធ្វើការច្រានចោលនិងបដិសេធទាំងស្រុង ព្រមទាំងថ្កោលទោសចំពោះទង្វើដ៏ថោកទាបរបស់ជនខិលខូច ដែលបានយកឆ្លៀតឱកាសយកមរណទុក្ខនេះ មកកេងយកប្រយោជន៍ផ្ទាល់ខ្លួន ហើយជាមួយគ្នានេះផងដែរ រដ្ឋបាលខណ្ឌ សូមជម្រាបជូនថា ទាំងរដ្ឋបាលខណ្ឌចំការមន ក៏ដូចជាលោកអភិបាលខណ្ឌ ពុំបានចាត់មន្ត្រី ឬបុគ្គលណាមួយ ឱ្យដើររៃអង្គាសបច្ច័យបុណ្យសពរបស់ឪពុកលោកនោះទេ៕