ពលរដ្ឋជាង៣០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយផ្ទាល់ពីអតីតតារាចម្រៀងផលិតកម្ម Rock អ្នកនាងម៉ូលីកា ដែលក្រោកតាំងពីព្រឹកព្រលឹមកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ចេញដំណើរពីភ្នំពេញ ទៅជួបបងប្អូននៅទីនោះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមស៊ាង ប៊ុនលាង និងលោកជំទាវហ៊ុន ប៊ុនធឿន ផងដែរ។

សម្ភារៈដែលម៉ូលីកា ចែកជូនដល់ពលរដ្ឋក្រីក្រកំពុងរងគ្រោះទាំងនោះ មានដូចជា អង្ករ, មី, ទឹកត្រី ទឹកស៊ីអៀវ ត្រីខ រួមទាំងថវិការមួយចំនួនផងដែរ។

ថៅកែហាង អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក រូបនេះ បានឲ្យដឹងថា ទោះជាការធ្វើដំណើររាប់រយគីឡូយ៉ាងណា ក៏នាងមិនហត់នឿយដែរ គឺត្រូវតែទៅជួបបងប្អូនដែលកំពុងតែរងទុក្ខដោយសារទឹកជំនន់ទាំងនោះ ហើយថ្វីត្បិតសម្ភារៈទាំងនោះមិនអាចជួយបងប្អូនបានរយៈពេលយូក្ដី តែវាអាចសម្រាលទុក្ខលំបាករបស់ពួកគាត់បានមួយរយៈដែរ។

ម៉ូលីកា បន្តថា បានយល់ច្បាស់ពីអារម្មណ៍នៃការលំបាករបស់ពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នេះ ហើយនាងនឹងបន្ដសកម្មភាពសប្បុរសធម៌បែបនេះតទៅទៀត នៅទីតាំងផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន។

ការចុះចែកអំណោយដោយផ្ទាល់របស់ម៉ូលីកា នៅពេលនេះ ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ”ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។

សកម្មភាពសប្បុរសធម៌របស់ម៉ូលីកា ត្រូវបានមហាជនជាច្រើនបានកោតសរសើរនូវទឹកចិត្តចែកទានរបស់នាង ដែលជាញឹកញាប់មកហើយ នាងតែងតែជួយដល់អ្នកដែលមានជីវភាពក្រីក្រលំបាក ទើបធ្វើឲ្យគេស្រលាញ់និងចូលលចិត្តនាងកាន់តែច្រើន។

ជាក់ស្ដែង នៅពេលដែលនាងទៅជូនអំណោយដល់ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ នោះក៏មានបងប្អូន និងយុវវ័យមួយចំនួនដែលធ្លាប់តែស្គាល់នាងតាម Live លើហ្វេសប៊ុកនោះ ក៏បានសុំ Selfie ជាមួយនាងដោយចាត់ទុកអតីតតារា Rock រូបនេះជា Idol របស់ពួកគេទៀតផង៕


