ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានប្រាប់ប្រពន្ធថា ចេញទៅរកឆ្លុះកង្កែប តែបែរជារាយខ្សែភ្លើងចេញពីផ្ទះ ដើម្បីឆក់ត្រីនៅតាមវាលស្រែ រួចក៏បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម លុះស្ត្រីជាប្រពន្ធឆ្ងល់ប្តីបាត់១យប់ ក៏ក្រោកតាំងពីទៀបភ្លឺ ដើររកប្តី ស្រាប់តែប្រទះឃើញប្តីដេកស្លាប់កណ្តាលស្រែយ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលស្រែខាងលិចផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ១២ម៉ែត្រ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ។ លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ទើបស្ត្រីជាប្រពន្ធបានដើររកប្តីប្រទះឃើញសព។
ជនរងគ្រោះខាងលើ មានឈ្មោះកែវ គួន អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះអុល សុម៉ា មានលំនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ។
តាមការបំភ្លឺរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ប្តីរបស់នាងបានចេញពីផ្ទះ ប្រាប់ថា ទៅឆ្លុះកង្កែប ចំណែកនាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយបានដេកលង់លក់បាត់ទៅ ។ រីឯប្តីក៏បានបាត់ពេញ១យប់ មិនឃើញមកផ្ទះវិញសោះឡើយ។

លុះព្រឹកឡើង នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នាងជាប្រពន្ធក៏ភ្ញាក់ពីដេកឃើញខ្សែភ្លើងរាយចេញពីផ្ទះ ក៏ដើរមើលតាមខ្សែភ្លើងដល់ត្រង់ចំណុចស្រែខាងលិចផ្ទះ ស្រាប់តែប្រទះឃើញប្តីដេកស្លាប់នៅក្នុងទឹកស្រែបាត់ទៅហើយ ទើបផ្អើលឆោឡោឡើងតែម្តង។
ស្ត្រីប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា កាលពី២-៣ថ្ងៃមុន ប្តីនាងបានរាយខ្សែភ្លើង ចេញពីផ្ទះបាយទៅឆក់ត្រីនៅកន្លែងកើតហេតុម្តងរួចមកហើយ ប៉ុន្តែមិនមានបញ្ហាអ្វីឡើយ ស្រាប់តែលើកនេះ ភ្លាត់ស្នៀតបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕