ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានទៅកាប់ឫស្សី លុះពេលត្រឡប់មកវិញឃើញទឹកជន់ឡើងលិចដាច់ផ្លូវ ក៏ចុះហែលទឹកឆ្លងអូរពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ស្រាប់តែអកុសល កម្លាំងទឹកហូរខ្លាំងបានកួចបុរសរូបនោះទៅបាត់អស់រយៈពេល២ថ្ងៃ ទើបប្រទះឃើញសាកសពអណ្តែតទឹកស្ពីង។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស។ រហូតមកដល់វេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ទើបប្រទះឃើញសាកសព ជនរងគ្រោះអណ្តែតឡើង។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះទេព បឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានហែលឆ្លងទឹកទៅកាប់ឫស្សីនៅត្រើយម្ខាង។ លុះពេលកាប់បានហើយ ក៏ចុះទឹកហែលឆ្លងត្រឡប់មកផ្ទះវិញ ប៉ុន្តែជាអកុសល ត្រូវទឹកកួចយកទៅបាត់។ រហូតមកដល់វេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ទើបមានអ្នកប្រទះឃើញសាកសពជនរងគ្រោះ អណ្តែតទឹកស្ពីង ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះស្រង់ឡើងមកលើគោក ដើម្បីពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕