ភ្នំពេញ ៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ពលការិនីខ្មែរ ២រូប ដែលរងគ្រោះចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវបានសង្គ្រោះ និងបញ្ជូនវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព។

នារីរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តាមច្រកទ្វារអន្តរជាតិភ្នំពេញ។
នារីរងគ្រោះទាំង២នាក់ ដែលត្រូវបានស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី អន្តរាគមន៍ជួយសង្គ្រោះនោះ ទី១- ឈ្មោះវិន ស៊ា និងទី២- ឈ្មោះយួន ស្រីពៅ។

ក្នុងអំឡុងពេលរង់ចាំត្រឡប់ទៅកម្ពុជាវិញ ស្ថានទូតបានសម្របសម្រួលទាមទារប្រាក់ខែ ពីនិយោជក ស្វែងរកការឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ ផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារបរិភោគ ព្រមទាំងចាត់មន្ត្រីជូនពលការិនីទាំងពីរទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕