Tuesday, April 30, 2024
Homeព័ត៌មានជាតិយប់ងងឹត ភ្នែកមើលមិនសូវច្បាស់... គាត់លូកដៃប៉ះចំតែម្តង

យប់ងងឹត ភ្នែកមើលមិនសូវច្បាស់… គាត់លូកដៃប៉ះចំតែម្តង

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់បានជួបជុំមិត្តភក្តិផឹកស៊ី រហូតដល់ស្រវឹងធ្លាក់ភ្នែក លុះអស់សាច់ក្លែមក៏ចូលទៅក្នុងទ្រុងទា បំណងចាប់ទាមកធ្វើម្ហូបក្លែមបន្ត ស្រាប់តែត្រូវខ្សែភ្លើងឆក់ស្លាប់ក្នុងទ្រុងទាយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចទ្រុងទា (ព្រៃផ័រ) ស្ថិតនៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ។

ជនរងគ្រោះខាងលើ មានឈ្មោះវុទ្ធ ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិផ្សេងទៀតនាំគ្នាចាប់សត្វទាធ្វើម្ហូបក្លែម អស់១ក្បាលហើយ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក អស់សាច់ក្លែម ទើបជនរងគ្រោះបានទៅរកចាប់ទា១ក្បាលទៀត ដើម្បីធ្វើម្ហូបក្លែមបន្ត។ ប៉ុន្តែជាអកុសល នៅពេលនោះជនរងគ្រោះយកដៃទៅចាប់កាន់ប៉ះចំមុខតំណខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់ប្រាកដមែន ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES