Friday, August 22, 2025
Homeព័ត៌មានជាតិចិត្តល្អ ខំឲ្យខ្ចីហើយ បែរជាខ្លួនឯងរងគ្រោះទៅវិញ

ចិត្តល្អ ខំឲ្យខ្ចីហើយ បែរជាខ្លួនឯងរងគ្រោះទៅវិញ

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានខ្ទីទូរស័ព្ទរបស់យុវជនម្នាក់ ប្រាប់ថា យកទៅប្រើ តែបែរជាយករបស់គេទៅលក់បាត់ លុះពេលម្ចាស់ទូរស័ព្ទតាមទៅសួរនាំ ស្រាប់តែជនសង្ស័យទាញយកបំពង់ទីបវាយជនរងគ្រោះ បណ្តាលឱ្យប៉ោងមុខរងរបួសយ៉ាងដំណំ។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប។

ជនសង្ស័យ ដែលខ្ចីទូរស័ព្ទគេប្រើ រួចយកទៅលក់ និងថែមទាំងវាយម្ចាស់ទូរស័ព្ទឱ្យរងរបួសថែមទៀតនោះ មានឈ្មោះឥន និមល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះនួន រ៉ាឈីង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងបួសផ្ទៃមុខ និងភ្លៅខាងឆ្វេង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានខ្ចីទូរស័ព្ទដៃ ១គ្រឿង ម៉ាកអ៊ិនចុចពិលពីជនរងគ្រោះ ដោយប្រាប់ថា យកទៅប្រើ តែជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះទៅលក់បាត់។ លុះពេលជនរងគ្រោះ ទៅសួរនាំ និងទារទូរស័ព្ទរបស់ខ្លួនមកវិញ ក៏ស្រាប់តែជនសង្ស័យខឹងសម្បាក៏វាយជនរងគ្រោះ ២-៣ដៃ ចំផ្ទៃមុខ រួចក៏ទាញបានដែកបំពង់ទីប ប៉ុនមេជើង វាយទៅលើភ្លៅខាងឆ្វេងរបស់ជនរងគ្រោះ២-៣បំពង់ទីបទៀត បណ្តាលឱ្យជនរងគ្រោះរងរបួសយ៉ាងដំណំ ហើយភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតនោះ ដោយឃើញសភាពការមិនស្រួល ជនសង្ស័យបានយកម៉ូតូជិះគេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅជនរងគ្រោះទៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោល ដើម្បីសាកសួរ និងដាក់ពាក្យបណ្តឹង។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES