Friday, August 22, 2025
Homeព័ត៌មានជាតិស្ត្រីជាម្ចាស់បានត្រឹមឈរមើល ស្រក់ទឹកភ្នែក ដោយអារម្មណ៍សោកស្តាយ

ស្ត្រីជាម្ចាស់បានត្រឹមឈរមើល ស្រក់ទឹកភ្នែក ដោយអារម្មណ៍សោកស្តាយ

ភ្នំពេញ ៖ ទីតាំងក្លឹបកម្សាន្តមួយកន្លែង ដែលបច្ចុប្បន្នកំពុងត្រូវបានក្រុមជាងវាយកម្ទេចចោលដើម្បីរៀបចំថ្មី ស្រាប់តែត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង បន្ទាប់ពីក្រុមជាងបានផ្សារកាត់ដែក ធ្វើឱ្យបែកផ្កាភ្លើងធ្លាក់លើគំនរសំរាម កើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចអតីតក្លឹបកម្សាន្ត៥៥ មានទីតាំងស្ថិតនៅតាមផ្លូវលេខ៥៥ កែងផ្លូវលេខ២៤០ ក្រុម៣៣ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្លឹបកម្សាន្តដែលទទួលរងការឆាបឆេះខាងលើនេះ ជាប្រភេទសំណង់ថ្មបេតុង មានទំហំ ១៤ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង។

តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ទីតាំងក្លឹបមួយនេះត្រូវបានបិទជាយូរមកហើយ រាល់ថ្ងៃកំពុងមានក្រុមជាងវាយកម្ទេចចោល ដើម្បីរៀបចំសាងសង់ថ្មី។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ឃើញមានហុយផ្សែងបង្កជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងទាក់ទងទៅនគរបាលជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញជួយបាញ់ទឹកអន្តរាគមន៍ ចៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាងទីតាំងក្លឹប។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានចុះជួយអន្តរាគមន៍ភ្លាមៗ និងយកអេស្កាវ៉ាទ័រ មកកាយទម្លុះជញ្ជាំងក្លឹប ដើម្បីបង្កការងាយស្រួលក្នុងការជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ សមត្ថកិច្ចជំនាញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យសរុបចំនួន១២គ្រឿង ដើម្បីចេញមកជួយអន្តរាគមន៍ភ្លាមៗដែរ ដោយក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន ស្មើនឹង៦៤ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យទីក្រុងអូរឡាំព្យ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យ ធនាគារជាតិកម្ពុជា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង៨ម៉ែត្រគូប។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ បានបញ្ចប់ជាស្ថាពរ (ភ្លើងរលត់ទាំងស្រុង) នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃដដែល ដោយមិនបង្កឱ្យឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋក្បែរខាងនោះឡើយ និងមិនបង្កឱ្យមានគ្រោះថ្នាក់ ឬ ប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ៕

RELATED ARTICLES