ខណៈដែលលោកឧកញ៉ាម៉ុង ឫទ្ធី បានអំពាវនាវម្តងហើយម្តងទៀត ឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត ហើយបានឆៀងចូលចម្ការដូរប្រេង ដើម្បីសម្រាកលំហែកាយ និងញាំអាហារនោះ ឲ្យរៀបចំសំរាមឲ្យបានត្រឹមត្រូវ តែទីបំផុតបែរជាពួកគេទាំងនោះមិនស្តាប់ ហើយបានបន្ទោរបង់ និងទុកសំរាមចោលយ៉ាងអាណាធិបតេយ្យ ពេលនេះលោកឧកញ៉ា លែងអំពាវនាវទៀតហើយ និងបាននិយាយថា “ បើអ្នកមិនចេះស្រឡាញ់បរិស្ថានធម្មជាតិទៅហើយ ទុកដូចជាមិនចេះស្រឡាញ់អាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារខ្លួនឯងផងដែរ”។

លោកឧកញ៉ាម៉ុង ឫទ្ធី បានសរសេរលើទំព័រហ្វេសប៊ុកថា ”បើគឹតពីឆ្នាំ១៩៩៥ រហូតមកដល់ឆ្នាំ២០២០នេះ ពេលវេលាបានកន្លងផុតទៅ២៥ឆ្នាំបាត់ទៅហើយ ដែលខ្ញុំបានខិតខំលះបង់ចំណាយកម្លាំងកាយ កម្លាំងចិត្តរួមជាមួយនិងថវិការផងដែ ដើម្បីដាំបង្កើតបានជាចំការ និងសាងសង់រោងចក្រកែច្នៃដូងប្រេងនេះឡើង ក្នុងគោលបំណងឲ្យកូនខ្មែរយើង បានឃើញច្បាស់ផ្ទាល់ និងភ្នែកដំណាំកសិឧស្សាហកម្មមួយនេះ ដោយមិនចាំបាច់ចំណាយពេលវេលានិងថវិការទៅមើលនៅប្រទេសថៃ ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី

តែជាអកុសល បុគ្គលមួយចំនួនមិនត្រឹមតែមិនបានដឹងគុណបំណាច់នេះទេ ក្រោយពីពួកគេមកលេងកម្សាន្តជ្រកក្រោមម្លប់ដើមដូងប្រេង ដោយឥតគិតថ្លៃ Free ទាំងអស់រួចហើយ ពួកគេបានបន្ទោរបង់ បោះសំរាមចោលពាស់វាលពាស់កាល ដើម្បីបន្ថែមបន្ទុកចំណាយមួយផ្នែកទៀត មកឲ្យក្រុមហ៊ុនម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា ទទួលបន្ទុកបន្ថែមទៀត

ខ្ញុំលែងអំពាវនាវអីទៀតហើយ ស្រេចនិងចិត្តរបស់ពួកគេចង់ទៅចុះ បើអ្នកមិនចេះស្រឡាញ់បរិស្ថានធម្មជាតិទៅហើយ ទុកដូចជាមិនចេះស្រឡាញ់អាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារខ្លួនឯងផងដែរ ខ្ញុំសូមអរគុណ និងអរព្រះគុណដល់ប្រិយមិត្តយើងដែលចេះ ជួយថែរក្សាការពារស្រឡាញ់បរិស្ថានធម្មជាតិ”៕






