Friday, August 22, 2025
Homeព័ត៌មានជាតិពលរដ្ឋស្នើឲ្យមានច្បាប់ត្រឹមត្រូវ ព្រោះពួកគាត់ចំណាយលុយធ្វើផ្លូវនេះ

ពលរដ្ឋស្នើឲ្យមានច្បាប់ត្រឹមត្រូវ ព្រោះពួកគាត់ចំណាយលុយធ្វើផ្លូវនេះ

ខេត្តព្រះសីហនុ ៖ កំណាត់ផ្លូវបេតុងមួយខ្សែ មានប្រវែង៧០០ម៉ែត្រ ចូលទៅវត្តពោធិ៍ពេជ្យគិរី ហៅវត្តភ្នំពេជ្រ តភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលសាងសង់ឡើងដោយកិច្ចសហការរបស់បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទចំណុះជើងវត្តខាងលើ ជាពិសេសប្រជាពលរដ្ឋដែលមានលំនៅឋានជាប់នឹងកំណាត់ផ្លូវខាងលើ កំពុងទទួលរងការខូចខាតជាអន្លើៗ ដោយសារក្រុមរថយន្តដឹកដីបើកដឹកជញ្ជូនរាប់រយជើង ក្នុងមួយថ្ងៃៗ។

ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដែលចូលរួមបរិច្ចាគថវិកាក្នុងការស្ថាបនាកំណាត់ផ្លូវខាងលើ បានឱ្យដឹងថា ការស្ថាបនាកំណាត់ផ្លូវបេតុង ចូលទៅវត្តពោធិ៍ពេជ្រគិរី ហៅវត្តភ្នំពេជ្រ នេះ គឺជាការចូលរួមនៅក្នុងវិស័យព្រះពុទ្ធសាសនា​ និងដើម្បីជាប្រយោជន៍សារធារណៈ។ បច្ចុប្បន្ន កំណាត់ផ្លូវបេតុងខាងលើ កំពុងប្រឈមទៅនឹងការខូចខាតដែលបង្កឡើងដោយសារតែរថយន្តដឹកដី របស់លោកឆឹង លី ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនដីចេញពីការដ្ឋានរណ្តៅកាយដី នៅខាងក្រោយវត្តពោធិ៍ពេជ្រគិរី ឆ្លងកាត់មកតាមកំណាត់ផ្លូវបេតុង ខាងមុខវត្ត ដូចហ្វូងសត្វកណ្តៀរ ដែលរថយន្តនីមួយៗផ្ទុកដីរាប់គីប ធ្វើឱ្យទ្រូងផ្លូវបេតុងកំណាត់ផ្លូវខាងលើ មិនអាចទប់ទល់បាន ប្រឈមទៅនឹងការខូចខាតទាំងស្រុង។

ម្ចាស់រថយន្តដឹកជញ្ជូនដីនៅក្នុងការដ្ឋានខាងលើ ដែលមានឈ្មោះឆឹង លី និងឈ្មោះគាំ គឹមហុង បានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ថា លោកបានធ្វើឯកសារច្បាប់សុំការប្រើប្រាស់ផ្លូវ ពីព្រះតេជគុណចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ដែលមានចុះហត្ថលេខាដោយលោកកៅ ឡេង មេឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដើម្បីដឹកជញ្ជូនដីចេញពីការដ្ឋានកាយយកដីខាងលើ ទៅចាក់បំពេញនៅតាមគោលដៅរបស់អតិថិជន ដោយសន្យាថា រាល់ការខូចខាតកំណាត់ផ្លូវខាងលើ លោកនឹងជួសជុលឡើងវិញ។

ប៉ុន្តែយ៉ាងណា ប្រជាពលរដ្ឋនៅតែមិនអាចទទួលយកបាននោះទេ ដោយពួកគាត់បានលើកឡើងថា កំណាត់ផ្លូវបេតុងខាងលើ ជាការចំណាយថវិការរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅជាប់កំណាត់ផ្លូវបេតុងខាងលើនេះ ជាអ្នកចំណាយថវិកាកសាង ដូចនេះពួកគាត់សុំឱ្យមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ឱ្យបានត្រឹមត្រូវជាមុនសិន ទើបមិនមានការថ្នាំងថ្នាក់ចិត្តពីបងប្អូនប្រជាពលរដ្ឋ។

ជុំវិញករណីនេះ លោកសរ កក្កដា អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា លោកនឹងចាត់ចែងឱ្យមន្ត្រីជំនាញក្រោមឱវាទ ចុះទៅត្រួតពិនិត្យ ទៅតាមនីតិវិធី៕

RELATED ARTICLES