Friday, August 22, 2025
Homeព័ត៌មានជាតិប្រាប់ច្បាស់ថា ទៅដកលុយពីធនាគារ បាត់ឈឹង១០ថ្ងៃ

ប្រាប់ច្បាស់ថា ទៅដកលុយពីធនាគារ បាត់ឈឹង១០ថ្ងៃ

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូនិងទូរស័ព្ទពីអ្នកលក់ចាប់ហួយម្នាក់ ដែលជាអ្នកស្គាល់គ្នា ដោយប្រាប់ថា ទៅដកលុយ បែរជាយកទៅលក់យកលុយចាយអស់ លុះ១០ថ្ងៃក្រោយ ទើបត្រឡប់មកវិញ ក៏ត្រូវម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះកែវ វណ្ណនូ ហៅសាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ ពាក់ព័ន្ធករណីបទរំលោភទំនុកចិត្ត (ខ្ចីម៉ូតូនិងទូរស័ព្ទ) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកអធិការ បន្តថា ករណីនេះកើតឡើងតាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដោយដំបូង ជនសង្ស័យឈ្មោះកែវ វណ្ណនូ ហៅសាក់ បានទៅលេងផ្ទះជនរងគ្រោះឈ្មោះស៊ឹម សឿម មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (ជាអ្នកស្គាល់គ្នា)។

បន្ទាប់មក ជនសង្ស័យក៏បានខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា វ៉េវ សេ១១០ ពណ៌ខ្មៅ លេខតួនិងម៉ាស៊ីនមិនចាំ ពាក់ស្លាកលេខសៀមរាប 1AD-5503 និងទូរស័ព្ទ ១គ្រឿង ម៉ាកហូវៃ V6To ពណ៌ទឹកមាស ទៅដកលុយ ។ ពេលជនរងគ្រោះព្រមឱ្យ ឈ្មោះកែវ វណ្ណនូ ហៅសាក់ បានយកម៉ូតូទៅលក់ឱ្យឈ្មោះសុខា បារាំង ហៅសីយ ភេទប្រុស អាយុ៣០ឆ្នាំ នៅស្តុបរង្វង់មូលខេត្តបន្ទាយមានជ័យ តម្លៃ២០០ដុល្លារ។

លោកអធិការបញ្ជាក់ថា បន្ទាប់ពីចាយលុយអស់ ពោលគឺរយៈពេល ១០ថ្ងៃក្រោយមក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ទើបជនសង្ស័យមកស្នាក់នៅផ្ទះឈ្មោះសាន្ត គឹមសៀប ភេទប្រុស អាយុ១៥ឆ្នាំ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ លុះដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក ជនរងគ្រោះឈ្មោះស៊ឹម សឿម បានរកឃើញឈ្មោះកែវ វណ្ណនូ ហៅសាក់ កំពុងស្នាក់ផ្ទះឈ្មោះសាន្ត គឹមសៀប ក៏បានរាយការណ៍ដល់កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ធ្វើការនាំខ្លួនជនសង្ស័យមកសាកសួរ។

ក្រោយពីការសាកសួរ ឈ្មោះកែវ វណ្ណនូ ហៅសាក់ បានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយយកម៉ូតូទៅលក់ឱ្យឈ្មោះសុខា បារាំង ហៅសីយ ប្រាកដមែន។ ចំណែកទូរស័ព្ទដៃ គឺរូបគេបានឱ្យទៅមិត្តភក្តិរបស់គេ ឈ្មោះនួន ប៊ុនតេពីន ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានគេចខ្លួនបាត់។

បន្ទាប់ពីសួរចម្លើយរួច សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លើជនសង្ស័យឈ្មោះកែវ វណ្ណនូ លទ្ធផលវិជ្ជមាន។

កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES