Friday, August 22, 2025
Homeព័ត៌មានជាតិនាងតូចខ្វះភាពកក់ក្តៅពីគ្រួសារហើយ មិនគួរជួបរឿងបែបនេះទៀតទេ

នាងតូចខ្វះភាពកក់ក្តៅពីគ្រួសារហើយ មិនគួរជួបរឿងបែបនេះទៀតទេ

ខេត្តព្រះសីហនុ ៖ ក្មេងស្រីជំទង់ម្នាក់ បន្ទាប់ពីឪពុកម្តាយលែងលះគ្នា រស់នៅបែកបាក់គ្រួសារខ្វះភាពកក់ក្តៅ ស្រាប់តែមកជួបគ្រោះអកុសល ត្រូវលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលស្បែកជើងធ្លាក់ទឹក ចុះទៅយក ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្រះទឹក មួយកន្លែង ស្ថិតនៅក្រុម២០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះស៊ី ម៉ាលីកា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ នៅសាលាចម្ការកៅស៊ួ មានលំនៅបច្ចុប្បន្ន ក្រុម២០ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ ក្មេងស្រីរងគ្រោះ មានឪពុកឈ្មោះសំ ចាន់វ៉ាន់ស៊ី អាយុ៣៩ឆ្នាំ ម្តាយឈ្មោះគី សុធារី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរនៅផ្សារចិន អូរ១ តែសព្វថ្ងៃឪពុកម្តាយក្មេងស្រីរងគ្រោះ បានលែងលះគ្នា រស់នៅបែកផ្ទះរៀងៗខ្លួនអស់ទៅហើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ រួមនិងមិត្តភក្តិ បាននាំគ្នាមកលេងទឹកស្រះ ត្រង់ចំណុចកើតហេតុខាងលើ ដែលក្រុមហ៊ុនអានកូ កាយអាចម៍ដីធ្វើទំនប់ទឹក។ លុះក្រោយមក ស្បែកជើងរបស់ក្មេងស្រីរងគ្រោះ បានជ្រុះធ្លាក់ចូលទៅក្នុងទឹក ទើបក្មេងស្រីរងគ្រោះ បានស្ទុះចុះទៅយកស្បែកជើង ស្រាប់តែរអិលជើង ចូលកន្លែងទឹកជ្រៅ ជាហេតុធ្វើឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង ខណៈដែលគ្មានមិត្តភក្តិណាអាចជួយសង្គ្រោះបានឡើយ។

នៅអំឡុងពេលកើតហេតុភ្លាមៗ មិត្តភក្តិរបស់ក្មេងស្រីរងគ្រោះ បាននាំគ្នាស្ទុះរត់ស្រែកឆោឡោ ហៅប្រជាពលរដ្ឋក្បែរខាងឱ្យជួយភ្លាមៗដែរ តែអកុសល ទម្រាំរាវរក និងស្រង់ក្មេងស្រីរងគ្រោះឡើងមកលើគោកបាន ក្មេងស្រីរងគ្រោះ បានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES