Friday, August 22, 2025
Homeតារាខ្មែរ​លោកគួច ខេវិន សរសើរអ្នកស្រីពាន់ ភួងបុប្ផា “បើខ្ញុំជាមនុស្សស្រី”

​លោកគួច ខេវិន សរសើរអ្នកស្រីពាន់ ភួងបុប្ផា “បើខ្ញុំជាមនុស្សស្រី”

អ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះ លោកគួច ខេវិន បានបញ្ចេញសារលើកទឹកចិត្ត និងសម្ដែងការកោតសរសើរនូវស្នាដៃថ្មីរបស់អ្នកស្រីពាន់ ភួងបុប្ផា តាមរយៈការរំលេចនូវស្នាដៃនិពន្ធសៀវភៅថ្មី ដែលមានចំណងជើងថា ”បើខ្ញុំជាមនុស្សស្រី” ដែលបានសម្ពោធកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅផ្សារទំនើបអ៊ីអន១។

លោកខេវិន ចាត់ទុកថា កិច្ចខំប្រឹងប្រែងនិងព្យាយាមរបស់អ្នកស្រីពាន់ ភួងបុប្ផា ដោយចំណាយទាំងប្រាជ្ញា ស្មារតី ពេលវេលា និងទ្រព្យធនដើម្បីសម្រេចស្នាដៃថ្មី ”បើខ្ញុំជាមនុស្សស្រី” គឺជាឧត្តមប្រយោជន៍ បម្រើរវប្បធម៌នៃការអានក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ន និងទៅអនាគត។

អ្នកស្រីពាន់ ភួងបុប្ផា ធ្លាប់បានសរសេរសៀវភៅបែបអប់រំនេះម្ដងរួចមកហើយ កាលពីសង្គមចាស់ ដែលកាលនោះ អ្នកស្រីទើបតែមានវ័យ១៧ឆ្នាំ ប៉ុន្ដែក្រោយមកអ្នកស្រីបានផ្អាកនិពន្ធសាច់រឿងបែបនេះវិញ ដោយងាកទៅធ្វើជាអ្នកនិពន្ធ និងដឹកនាំភាពយន្ដ តាមរយៈការបើកផលិតកម្មផ្ទាល់ខ្លួនឈ្មោះ “ផ្កា៥” ដែលដំណើរការរហូតដល់សព្វថ្ងៃ។

ទើបតែនៅឆ្នាំ២០១៩ អ្នកស្រីបុប្ផា បានចេញសៀវភៅមួយទៀត ដែលមានចំណងជើងថា ”ពេលម៉ែនៅរស់” និងឆ្នាំ២០២០ នេះ ចេញសៀវភៅថ្មី ដោយមានការសម្ពោធមានតារាមួយចំនួនទៅចូលរួមគាំទ្រនោះ គឺ ”បើខ្ញុំជាមនុស្សស្រី” នេះ។

អ្នកស្រីពាន់ ភួងបុប្ផា បានឲ្យដឹងថា សៀវភៅថ្មី ”បើខ្ញុំជាមនុស្សស្រី” នេះ អ្នកស្រីបាននិពន្ធឡើងដោយប្រើពេលមិនក្រោម១ឆ្នាំនោះទេ ហើយគោលបំណង គឺដើម្បីបំផុសអក្សរសាស្រ្ដខ្មែរ និងឲ្យអ្នកអានឲ្យចូលចិត្តមើលសៀវភៅឡើងវិញ ព្រោះបច្ចុបន្ននេះ គេមិនសូវចូលចិត្តអានសៀវភៅច្រើនដូចមុនទេ។

អ្នកស្រីបន្ថែមថា សៀវភៅថ្មីនេះ អ្នកស្រីបោះពុម្ពចំនួន៥០០០ក្បាល ដែលសៀវភៅនេះមានការអប់រំសង្គម និងឆ្លុះបញ្ចាំងទៅដល់សង្គមមួយ ដែលស្រីស្រួលរកការងារធ្វើជាងប្រុស តែទាល់តែជាស្រីស្អាតទៀត…។

អ្នកនិពន្ធនិងដឹកនាំសម្ដែងភាពយន្ដល្បីរូបនេះ បញ្ជាក់ថា ”សៀវភៅ១ក្បាល មានតម្លៃដ៏ស្មោះត្រង់ មិនក្បត់យើង, ជាគ្រូដ៏ល្អ”។

អ្នកស្រីបន្ថែមថា ការចេះដឹងមួយចំនួនបានមកពីការអាន បើយើងមិនអាន យើងមិនដឹងទេ។ អ្នកស្រីបុប្ផា បន្ថែមទៀតថា ការក្លាយទៅជាអ្នកនិពន្ធអាជីពម្នាក់បានអា ស្រ័យទៅលើកត្តាច្រើនយ៉ាង ដូចជា ឧបនិស្ស័យ, អាន, សរសេរ, កំណត់ហេតុ, អានច្រើន និងមើលច្រើន ទើបក្លាយទៅជាអ្នកនិពន្ធដ៏ល្អម្នាក់។

ជាមួយគ្នានេះដែរ អ្នកស្រីក៏ត្រៀមបញ្ចេញស្នាដៃថ្មីទី៣ នៅអំឡុងខែមីនា ឆ្នាំ២០២១ ខាងមុខនេះដែរ តែស្នាដៃទាំងនេះ អ្នកស្រីគ្មានគម្រោងយកទៅផលិតភាពយន្ដនោះទេ៕

RELATED ARTICLES