ក្រៅពីរំលេចពិធីបំពាក់គ្រឿងឥស្សរយសជូនដល់អ្នកឆ្នើម និងប្រកាសពីភាពជោគជ័យរបស់ក្រុមហ៊ុន អគ្គនាយកក្រុមហ៊ុន NSZ World ក៏បានកង្កើតមូលនិធិរៃអង្គាសថវិកាជាទ្រង់ទ្រាយធំ ពីសំណាក់ក្រុមការងារ និងអ្នកចូលរួមនៅក្នុងពិធីអបអរសាទរការប្រកាសទទួលស្គាល់ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិក សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី25 ខែតុលា ឆ្នាំ2020 ។

លោកស្រី ធី សុវណ្ណថា ដែលជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនបានលើកសរសើរថា នេះគឺជាសកម្មភាពគំរូដែលមានប្រយោជន៍ដល់ជនរងគ្រោះដោយលោកស្រី ក្រៅពីចូលរួមបំផុសក៏នឹងចូលរួមដោយផ្ទាល់ ជាមួយនឹងសកម្មភាពរបស់ក្រុមហ៊ុនផងដែរ។

លោកលី ស៊ីនន្ទ អគ្គនាយកក្រុមហ៊ុន NSZ World Co,.LTD បានថ្លែងបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនរបស់ក្រុមហ៊ុន យើងក៏ត្រូវតែគិតគូរក្នុងការចូលរួមកិច្ចការមនុស្សធម៌ ជាមួយនឹងពលរដ្ឋរងគ្រោះដូចជាករណីកូវីដ និងគ្រោះទឹកជំនន់នៅក្នុងពេលនេះផងដែរ។

ជាក់ស្ដែង ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា មានផលប៉ះពាល់ពីជម្ងឺកូវីដ ក្រុមហ៊ុន NSZ World បានប្រមែប្រមូលនូវថវិកាដើម្បីចែកជាជែល ជាម៉ាសក៍ការពារ និងឧបករណ៍វាស់ស្ទង់ជាច្រើនជូនដល់អ្នកខ្វះខាត ដើម្បីចូលរួមចំណែកបញ្ជៀសជម្ងឺរកូវីដ19។

ដោយឡែក ក្នុងអំឡុងពេលដែលបណ្ដារខេត្តមួយចំនួន មានគ្រោះទឹកជំនន់ ក្រុមហ៊ុនក៏បានរៃអង្គាសថវិកាពីសមាជិក និងដៃគូ ចុះចែកជាអង្ករ និងគ្រឿងឧបភោគ-បរិភោគជាច្រើន ជួយដល់ខេត្តដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដូចជា ខេត្តកំពង់ស្ពឺ នូវអង្ករប្រមាណជាងអង្ករ10តោន ទឹកត្រី ទឹកស៊ីអ៊ីវ មី និងថវិកាជាច្រើនទៀត, ខេត្តពោធិ៍សាត់ អង្ករ13តោន, ខេត្តបាត់ដំបង អង្ករ12តោន និងខេត្តបន្ទាយមានជ័យ អង្ករ4តោន ដោយមិនរាប់ការចំណាយលើគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈដទៃទៀតផង។

ដើម្បីចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ឱ្យបានកាន់តែច្រើន លោកក៏សម្រេចយកពិធីប្រកាសទទួលស្គាល់ ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិក សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលជាការជួបជុំដ៏ធំមួយនេះ រៃអង្គាសថវិកាដើម្បីប្រមូលមូលនិធិជួយដល់អ្នកលិចទឹកនៅខេត្តកំពង់ធំ បន្តទៀត ដោយលោកនឹងបន្តសកម្មភាព ប្រមែប្រមូលបែបនេះឱ្យបានកាន់តែច្រើនដើម្បីជាប្រយោជន៍ជួយដល់ជនរងគ្រោះ។

លោកលី ស៊ីនន្ទ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងដៃគូសហការទាំងអស់ដែលប្រឹងប្រែងធ្វើឱ្យផលិតផលក្រុមហ៊ុន NSZ World ទទួលជោគជ័យ ដែលជំរុញឱ្យក្រុមការងារទាំងអស់ កាន់តែមានលទ្ធភាពក្នុងការចែករំលែកផលចំណេញរបស់ខ្លួនក្នុងកិច្ចការសប្បុរសធម៌ដែលក្រុមហ៊ុនបានប្រកាសឡើង។ ក្រៅពីការរៃអង្គាស ពិធីសំខាន់នៅក្នុងថ្ងៃនោះ ក៏មានការប្រគល់គ្រឿងឥស្សរយសជូនដល់បុគ្គលឆ្នើមជាច្រើនរូបផងដែរ។
អ្នកស្រីធី សុវណ្ណថា ទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន បានលើកឡើងថា លោកស្រីពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្រុមហ៊ុនដែលលោកស្រីធ្វើជាទូតសុច្ឆន្ទៈមានសកម្មភាពសង្គមយ៉ាងរស់រវើក ដោយក្រៅពីប្រមូលថវិការក្នុងចំណោមបុគ្គលិកក្រុមការងារក្រោមឱវាទ ក៏ថែមទាំងយកពិធីជួបជុំ កាលពីថ្ងៃទី 25 ខែតុលា ឆ្នាំ2020 ធ្វើជាពិធីរៃអង្គាសមូលនិធិជួយដល់អ្នកលិចទឹកថែមទៀត។

អ្នកស្រីក៏បានចូលរួមសកម្មភាពចែកអំណោយជូនដល់អ្នកលិចទឹក ដែលក្រុមហ៊ុននេះបានដឹកនាំបានបី-បួនលើកមកហើយ ខណៈដែលលោកស្រីយល់ថា មូលនិធិដែលប្រមូលបានក្នុងពិធីនេះ នឹងកាន់តែមានប្រយោជន៍បន្ថែមទៀតក្នុងការងារសង្គម។
លោកស្រីក៏ប្រកាសបន្តធ្វើជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនមួយនេះ ដោយមិនកំណត់រយៈពេលផងដែរ ដោយអះអាងថា ផលិតផល QNanoX ដែលលោកស្រីធ្វើជា Brand Ambassador នេះ មានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពដែលលោកស្រី និងក្រុមគ្រួសារ គឺជាអ្នកប្រើដោយផ្ទាល់មុនសម្រេចធ្វើជាអ្នកតំណាង៕