Friday, August 22, 2025
Homeព័ត៌មានជាតិនាងមានសុវត្ថិភាពហើយ ប៉ុន្តែរបស់ជាប់ខ្លួន អស់រលីង

នាងមានសុវត្ថិភាពហើយ ប៉ុន្តែរបស់ជាប់ខ្លួន អស់រលីង

ភ្នំពេញ ៖ ក្មេងស្រី២នាក់ ត្រូវបានជនសង្ស័យល្បួងនាំទៅដោះខ្សែក ខ្សែដៃ និងក្រវិល អស់រលីងពីខ្លួន រួចទម្លាក់ចោលនៅម្តុំស្ទឹងមានជ័យ ធ្វើឲ្យឪពុកម្តាយបាត់កូនភ័យស្លាន់ស្លោ នាំគ្នាតាមរក តែពេលនេះក្មេងស្រីរងគ្រោះទាំង២នាក់ មានសុវត្ថិភាព​បានត្រឡប់មកដល់ផ្ទះវិញហើយ ។

កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នារីម្នាក់ត្រូវជាប្តាយមីងក្មេងស្រីរងគ្រោះបានប្រកាសដំណឹងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ស្វែងរកក្មួយស្រីចំនួន២នាក់ ក្នុងនោះម្នាក់ មានអាយុ១១ឆ្នាំ និងម្នាក់ទៀត មានអាយុ ៩ឆ្នាំ ដោយថាមានគេល្បួងហៅឡើងជិះម៉ូតូទៅបាត់ពីមុខផ្ទះ នៅក្រោយសាលាសង្កាត់ចោមចៅ២ ធ្វើឱ្យស្ត្រីជាម្តាយតក់ស្លុតខ្លាំងពេក ទួញយំរហូតសន្លប់បាត់ស្មារតី។

ក្រោយការប្រកាសដំណឹងបាត់ក្មេងនោះ ដោយមានការខិតខំស្វែងរកច្រើនប្រភព ព្រមទាំងមានការជួយពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ទីបំផុតក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររកឃើញវិញ ដោយសុវត្ថិភាព តែត្រូវជនសង្ស័យដោះយកគ្រឿងអលង្ការ រួមមាន ខ្សែក ខ្សែដៃ និងក្រវិល អស់រលីងពីខ្លួន។

បន្ទាប់ពីរកឃើញក្មេងស្រីរងគ្រោះទាំង២នាក់វិញហើយ ម្តាយមីងរបស់ក្មេងស្រីរងគ្រោះ បានសរសេរក្នុងគណនីហ្វេសប៊ុក​របស់ខ្លួនដដែលថា “អរគុណជាពិសេស ទាំងអ្នកតាមរក និងអ្នកឱ្យដំណឹងក្មេងទាំង២ រកឃើញវិញហើយ រកឃើញនៅម្តុំស្ទឹងមានជ័យ នៅម៉ោង៤ និង៣០នាទី…”។

ប្រភពដដែល បន្តថា “ក្មេងទាំង២ ត្រូវបានគេល្បួងនាំទៅដោះខ្សែក ខ្សែដៃ ហើយទម្លាក់ចោលនៅម្តុំស្ទឹងមានជ័យ សំណាងល្អ ក្មេងៗគ្រាន់តែបាត់បង់គ្រឿងអលង្ការ ពេលនេះមានសុវត្ថិភាព បានមកដល់ផ្ទះហើយ បងប្អូនណាមានក្មេងៗពាក់គ្រឿងអលង្ការជាប់ខ្លួន សូមប្រយ័ត្ន…”៕

RELATED ARTICLES