Friday, August 22, 2025
Homeតារាខ្មែររ៉ាប៊ី គិតត្រឹមឆ្នាំ២០២០នេះ ទទេរស្អាតតែម្តង គ្មានសូម្បីតែ១គ្រាប់

រ៉ាប៊ី គិតត្រឹមឆ្នាំ២០២០នេះ ទទេរស្អាតតែម្តង គ្មានសូម្បីតែ១គ្រាប់

ក្រៅពីថ្ងូរដូចព្រាប ថា “រកសង្សារក្នុងស្រុក១គ្រាប់ ធ្វើថ្នាំមិនបាននោះ“ កញ្ញារ៉ាប៊ី វាចាថា នាងក៏គ្មានប្រុសស្នេហ៍នៅបរទេសដែរ អីចឹងសរុបទៅនៅឆ្នាំ២០២០នេះ បេះដូងរបស់នាង គឺនៅទទេរស្អាតតែម្ដង មិនទាន់មានប្រុសណាមកធ្វើជាម្ចាស់ឃុំគ្រងឡើយ។

រ៉ាប៊ី ថា អំឡុងពេលដែលចេញទៅច្រៀង សម្ដែងនៅអាមេរិក កាលពីឆ្នាំមុននោះ នាងមានគេទាក់ទងដែរ ប៉ុន្តែដោយសាររូបនាងមិនបង្ហាញសញ្ញាភ្លើងខៀវឲ្យគេ ទើបស្ងាត់ទៅវិញអស់ទៅ ហើយឥឡូវនាងរកសង្សារម្នាក់មិនបានទេ។ នាងថា ប្រុសៗដែលទាក់ទងមក បើយើងមិនរវីររវល់ជាមួយគេ ក៏គ្មានអ្នកណាហ៊ានមកបង្ខំយើងដែរ។

ស្រីស្អាតប្រចាំផលិតកម្មថោន រូបនេះ វាចាថា នាងគ្មានបំណងយកប្ដីជាអាណិកជនខ្មែរ នៅបរទេសនោះទេ ព្រោះនៅស្រុកគេ បើទៅលេងបាន តែបើឲ្យទៅរស់នៅ នាងមិនចេះនៅឡើយ។

ទោះជារ៉ាប៊ី វាចាថា បេះដូងនៅទំនេរស្អាតក្ដី ប៉ុន្ដែអ្នកស្និទ្ធនាង ភាគច្រើនមិនសូវជឿជាក់ការអះអាងរបស់ស្រីស្រស់ពូកែលេងក្បាច់រាំនេះឡើយ ដោយគេសំអាងថា អំឡុងពេលដែលរ៉ាប៊ី ថាអត់សង្សារនេះ នាងកាន់តែប្រែប្រួលជីវភាពស្ទើរតែមិនគួរឲ្យជឿឡើយ ដូចជាពេលនេះ មានផ្ទះ៣ផ្សេងគ្នា ដែលសុទ្ធតែទិញផ្ដាច់ទាំងអស់ ក្នុងនោះ មានដូចជា ផ្ទះល្វែង២ខ្នង តម្លៃជាង២០ម៉ឺនដុល្លារ និងផ្ទះវីឡា១ខ្នងទៀត តម្លៃ១៥ម៉ឺនដុល្លារ ហើយនាងជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នា គឺ Lexus NX200t, Starex និង Lexus RX300 ហើយនាងក៏មានដីធ្លីមួយចំនួនទៀតផងដែរ។

ការមានទ្រព្យមិនក្រោមកន្លះលានដុល្លារ តាមរយៈការប្រឡូកសិល្បៈ ទើបតែប្រើពេលខ្លីនេះ ត្រូវបានគេសង្ស័យថា រ៉ាប៊ី មានប្រុសស្នេហ៍ជាមន្រ្ដីធំឧបត្ថម្ភនាងនៅក្រោយខ្នង។ ប៉ុន្ដែគ្រប់ពេលរ៉ាប៊ី តែងតែថា នាងគ្មានប្រុសណាចិញ្ចឹមនាងឡើយ គឺជីវភាពនាងបានសមរម្យ ពេលនេះដោយសារតែអាជីពសិល្បៈ។

យ៉ាងណា រ៉ាប៊ី បញ្ជាក់ថា ប្រុសសុំចិញ្ចឹមមិនខ្វះទេ គ្រាន់តែនាងមិនទទួលប៉ុណ្ណោះ ព្រោះខ្លាចជាប់ទ្រុងស្នេហ៍។ នាងថា នៅរដូវកូវីដ-១៩ មិនទាន់ស្ងាត់នេះ នាងក៏ដូចជាតារាផ្សេងៗទៀតដែរ គឺបាត់បង់ប្រាក់ចំណូលដូចគ្នា ប៉ុន្ដែនាងមិនជួបវិបត្ដិសេដ្ឋកិច្ចនោះទេ ព្រោះមិនជាប់បង់រំលស់នៅធនាគារឡើយ ដោយសារទាំងផ្ទះ និងរថយន្ដ នាងសុទ្ធតែទិញបង់លុយផ្ដាច់។

រ៉ាប៊ី បន្ថែមថា ពេលនេះក្រៅពីឡើងឆាកតាមទូរទស្សន៍ នាងក៏មានប្រាក់ចំណូលតាមរយៈការធ្វើជាទូតសុច្ឆន្ទៈឲ្យផលិតផលមួយចំនួនផងដែរ៕

RELATED ARTICLES