អ្នកដឹកនាំសម្ដែងភាពយន្ដនៅហង្សមាស ម្នាក់ បានបង្ហើបឲ្យដឹងថា បើទោះជាឱក សុគន្ធកញ្ញា មានប្ដីនិងកូន១ទៅហើយក្ដី ប៉ុន្ដែអ្នកដឹកនាំសម្ដែងភាពយន្ដទាំង៣ក្រុម របស់ហង្សមាស ប្រជែងគ្នា ចង់បាននាងធ្វើជាតួឯកក្នុងរឿងរបស់គេរៀងៗខ្លួន ហើយឲ្យតែនាងមានពេលថត គឺគេនឹងត្រៀមរឿងឲ្យភ្លែតតែម្ដង។

ប៉ុន្ដែទោះជាពេលនេះ សុគន្ធកញ្ញា បានរឹងដៃរឹងជើងឡើងវិញ ក្រោយសម្រាលកូនក្ដី ប៉ុន្តែនាងនៅតែមិនទាន់កំណត់ពេលវេលានៃការព្រមថតភាពយន្ដជាក់លាក់ឡើយ ដែលបញ្ហាសំខាន់ គឺអាចមកពីការមិនទាន់ស្រកគីឡូ ហើយនាងចង់សម្រាកឲ្យបានយូរខែ ក្រោយមានកូន១នេះ។

ឱក សុគន្ធកញ្ញា បានអាក់ខានថតភាពយន្ដខ្នាតធំទី២ របស់ហង្សមាស ដែលផលិតបន្ទាប់ពីរឿង ”នេសាទក្រពើ” នោះគឺរឿង ”ខ្ញុំមានញាណលើស” ដោយតំណែងតួឯកស្រីហង្សមាស បានប្រគល់ទៅឲ្យអ្នកមេម៉ាយសាច់សខ្ចី អ្នកនាងសុខ ស្រីនាង ជំនួសវិញហើ យពេលនេះភាពយន្ដនោះថតចប់ហើយ ប៉ុន្ដែមិនទាន់ដាក់បញ្ចាំងនោះទេ។

ទោះជារបូតតំណែងតួឯកអស់១រឿងក្ដី តែសុគន្ធកញ្ញា អាចយកតួឯកក្នុងភាពយន្ដថ្មីនៅពេលណាក៏បានដែរ ឲ្យតែនាងមានចិត្តចង់ ព្រោះពេលនេះអ្នកដឹកនាំរឿង រង់ចាំនាងយ៉ាងអន្ទះសារថា ពេលណាទើបនាងព្រមចូលថតកុន ព្រោះតែតារាស្រីនៅហង្សមាសស្ទើរតែទាំងអស់ ពួកគេបានថតភាពយន្ដសឹងគ្រប់គ្នាទៅហើយ។

ឱក សុគន្ធកញ្ញា ក្រោយរៀបការប្ដីជាង១ឆ្នាំនេះ នាងមិនទាន់ធ្វើព្យុះភ្លៀងក្នុងអាជីពចម្រៀងឡើងវិញនោះទេ គឺបទចម្រៀងល្បីៗរបស់នាងមានតែបទចាស់ៗពីមុនប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការមានឥទ្ធិពលជាងគេនៅហង្សមាសដោយសារមានប្ដីជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងបងថ្លៃជាថៅកែផលិងតកម្មទៀតទើបអ្នកជំនាញសិល្បៈ បានលើកឡើងថា ឱក សុគន្ធកញ្ញា នឹងមិនងាយធ្លាក់ចុះដោយងាយៗឡើយ៕

